• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

រង្វះខ្យល់

អ. aperture
បារ. aperture (f.)

រង្វះខ្យល់ដែលបិទ ឬ បើកចំហតូចឬធំ ក្នុងការបង្កើតសូរ។ គេចែករង្វះខ្យល់ជា៩កម្រិត គឺ ៖ (១) - រង្វះខ្យល់កម្រិតសូន្យ : ដំណើរខ្យល់ដែលចេញពីសួតត្រូវប៉ះខ្លាំងនឹងគ្រឿងប្រដាប់បន្លឺសំឡេង បណ្ដាលឱ្យមានបន្ទុះ, ដូច្នេះសូរដែលកើតឡើង ជាសូរផ្ទុះ/សូរស្ទះ គឺសូរ [p], [b], [t], [d], [k], [ɡ], [m], [n], [ɲ], [ŋ], ...។ (២) -រង្វះខ្យល់កម្រិតកន្លះ : ដំណើរខ្យល់ត្រដុសខ្លាំងនឹងផ្ទៃនៃគុហាមាត់, អណ្ដាត, ធ្មេញ (ត្រដុសខ្លាំងព្រោះរង្វះខ្យល់មានកម្រិតស្ទើរសូន្យ) ហើយបង្កើតសូរផ្ទុះត្រដុស/ស្ទះត្រដុសដូចជា [tʃ], [dʒ], ...។ (៣) - រង្វះខ្យល់កម្រិត១ : ដំណើរខ្យល់ត្រដុសនឹងផ្ទៃនៃគុហាមាត់, អណ្ដាត, ធ្មេញ ហើយបង្កើតសូរត្រដុសដូចជា [f], [v], [s], [z], ...។ (៤) - រង្វះខ្យល់កម្រិត២ : ដំណើរខ្យល់ស្ទើរតែមិនត្រដុសនឹងផ្ទៃគុហាមាត់ អណ្ដាត ធ្មេញ ឡើយ ហាក់បីដូចជាមានលំហូរ ហើយ បង្កើតសូរលំហូរដូចជា [l], [r], ...។ (៥) - រង្វះខ្យល់កម្រិត៣ : ចាប់ពីរង្វះនេះទៅ ដំណើរខ្យល់ឈប់ប៉ះនឹងផ្ទៃគុហាមាត់ អណ្ដាត ធ្មេញទៀតហើយ ហើយគេបានសូរស្រៈកន្លះ ឬ ព្យញ្ជនៈកន្លះ គឺ [j], [w],...។ (៦) - រង្វះខ្យល់កម្រិត៤ : សូរដែលកើតឡើងគឺ សូរស្រៈបិទ ដូចជា [i], [y], [u],...។ (៧) -រង្វះខ្យល់កម្រិត៥ : សូរដែលកើតឡើងគឺ សូរស្រៈបិទកន្លះ ដូចជា [e], [Ø], [Ə], [o],...។ (៨) - រង្វះខ្យល់កម្រិត៦ : សូរដែលកើតឡើងគឺ សូរស្រៈបើកកន្លះ ដូចជា [Ɛ], [œ], [ɔ], ...។ (៩) - រង្វះខ្យល់កម្រិត៧ : សូរដែលកើតឡើងគឺ សូរស្រៈបើក ដូចជា [a], [ɑ], ...។