ដំណឹងក្ដៅៗ


9 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញសេចក្តីព្យាករថា ជំងឺកូវីដ-១៩ អាចនឹងធ្វើ​ឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា (GDP) ធ្លាក់ចុះដល់ទៅ -៥,៥ភាគរយឯណោះ ក្នុងឆ្នាំ២០២០។ តែជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហ៊ានសន្និដ្ឋានថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើង៥,៩ភាគរយវិញ។ តារាងប្រៀបធៀបអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហោះលើគេហទំព័របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា ក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះខ្លាំងជាងគេ គឺ -៦,៥ភាគរយ បន្ទាប់មកគឺសិង្ហបុរី ដែលនឹងធ្លាក់ចុះ -៦ភាគរយ ហើយទី៣ គឺកម្ពុជា ដែលនឹងធ្លាក់ចុះ -៥,៥ភាគរយ។ ចំណែក កំណើនសេដ្ឋកិច្ចនៃប្រទេស៨ទៀត ក្នុងឆ្នាំ២០២០ គឺម៉ាឡេស៊ី នឹងធ្លាក់ចុះ -៤ភាគរយ ហ្វីលីពីន នឹងធ្លាក់ចុះ -៣,៨ភាគរយ ទីម័រឡេស នឹងធ្លាក់ចុះ -៣,៧ភាគរយ ឥណ្ឌូណេស៊ី នឹងធ្លាក់ចុះ -១ភាគរយ ឡាវ នឹងធ្លាក់ចុះ -០,៥ភាគរយ ព្រុយណេ ធ្លាក់មកនៅត្រឹម១,៤ភាគរយ មីយ៉ាន់ម៉ា ធ្លាក់មកនៅត្រឹម១,៨ភាគរយ វៀតណាម ធ្លាក់មកនៅត្រឹម៤,១ភាគរយ។ នេះបើមើលតាមតារាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែល។ ការព្យាកររវាងធនាគារអភិឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា គឺខុសគ្នាឆ្ងាយ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះតែក្នុងរង្វង់១,៩ភាគរយទេ។