ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
គោលបំណង៖
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នជាតិដែលបង្កើតឡើងដើម្បីអភិរក្សនិងអភិវឌ្ឍភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាពព្រមទាំងរក្សាបាននូវ អត្តសញ្ញាណជាតិខ្មែរ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកទេសចំនួន១៧គឺ៖
១. គណៈកម្មការកសិកម្ម
២. គណៈកម្មការគណិតវិទ្យា
៣. គណៈកម្មការគីមីវិទ្យានិងរូបវិទ្យា
៤. គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ
៥. គណៈកម្មការទស្សនវិជ្ជា
៦.គណៈកម្មការប្រវត្តិវិទ្យា
៧. គណៈកម្មការព័ត៌មានវិទ្យា
៨. គណៈកម្មការភាសាវិទ្យា
៩. គណៈកម្មការភូមិវិទ្យា
១០.គណៈកម្មការវប្បធម៌និងវិចិត្រសិល្បៈ
១១. គណៈកម្មការវិទ្យាសាស្ត្រនយោបាយ
១២. គណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច
១៣. គណៈកម្មការវិទ្យាសាស្ត្រអប់រំ
១៤. គណៈកម្មការវិទ្យាសាស្ត្រសុខាភិបាល
១៥. គណៈកម្មការស្ថាបត្យកម្មនិងសំណង់
១៦. គណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន
១៧.គណៈកម្មការអក្សរសិល្ប៍។
គណៈកម្មការនីមួយៗមានភារកិច្ចប្រមូលពាក្យនិងកំណត់និយមន័យនៃពាក្យបច្ចេកទេស ដែលមាន ប្រើរួចមកហើយបង្កើតពាក្យថ្មីក្នុងជំនាញដោយដាក់ពាក្យបារាំងនិង/ឬពាក្យអង់គ្លេសដែលសមមូលជាមួយមេពាក្យក្នុងករណីដែលអាចដាក់បាន និងរៀបចំគ្រប់គ្រងប្រព័ន្ធទិន្នន័យបច្ចេកសព្ទរបស់ខ្លួនដើម្បីស្វែងរកការឯកភាពមុននឹងដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរពិនិត្យនិងអនុម័ត។បច្ចេកសព្ទដែលបានអនុម័តរួចហើយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានបោះពុម្ពជាសទ្ទានុក្រម។
ស្របតាមការវិវត្តជឿនលឿននៃវិទ្យាសាស្ត្រនិងដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់អ្នកអាននិងអ្នកសិក្សាស្រាវជ្រាវភាសាខ្មែរនៅទូទាំងប្រទេសនិងសកលលោក ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបង្កើតសុសវែរសទ្ទានុក្រមអនឡាញដែលជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មីនិងពេញនិយមក្នុងពេលបច្ចុប្បន្ន។
ការស្វែងរកពាក្យឬបច្ចេកសព្ទតាមបែបឌីជីថលដោយប្រើអ៊ីនធឺណិតឬកម្មវិធីទូរសព្ទឆ្លាតមានភាពងាយស្រួលនិងចំណេញពេលវលា។ សាធារណជននៅទូទាំងសកលលោកដែលមានបំណងស្វែងរកពាក្យឬបច្ចេកសព្ទថ្មីៗដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័ត ដោយគ្រាន់តែប្រើអ៊ីនធឺណិតឬកម្មវិធីលើទូរសព្ទឆ្លាត មានលទ្ធភាពងាយស្រួលនិងចំណេញពេលវេលាក្នុងការស្វែងរកមេពាក្យជាភាសាខ្មែរដែលត្រូវគ្នានឹងពាក្យអង់គ្លេសនិង/ឬបារាំង។ សាធារណជនអាចស្វែងរកបច្ចេកសព្ទនៅក្នុងសទ្ទានុក្រមបានតាមរយៈកុំព្យូទ័រនិងទូរសព្ទឆ្លាតទាំងពីរប្រព័ន្ធ iOS និង Android ។
ក្រុមប្រឹក្សាជាតិភាសាខ្មែររង់ចាំទទួលដោយរីករាយនូវរាល់មតិយោបល់ស្ថាបនារបស់សាធារណជនទៅលើបច្ចេកសព្ទទាំងឡាយតាមរយៈវេបសាយ ហ្វេសប៊ុក និងអ៊ីមែលរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដូចខាងក្រោម៖
Website: www.nckl.rac.gov.kh
Facebook: ក្រុមប្រឹក្សាជាតិភាសាខ្មែរ
Email: nckl@rac.gov.kh
អ. airstream mechanism
បារ. mécanisme de courant d'air
របៀបបង្កើតលំហូរខ្យល់នៅក្នុងបំពង់សំឡេង ដែលជាសមាសធាតុសំខាន់មួយក្នុងចំណោមសមាសធាតុសំខាន់ទាំងបីដែលបម្រើការបង្កើតសូរ។ សមាសធាតុទាំងបីនោះគឺ ការបន្លឺសូរ សទ្ទកម្ម និងយន្តការចរន្តខ្យល់។ យន្តការចរន្តខ្យល់ចែកជា៖ ១- យន្តការចរន្តខ្យល់ដែលបញ្ចេញពីសួតដោយសារចលនារួមនៃឆ្អឹងជំនីរនិងសន្ទះទ្រូង។ ២- យន្តការចរន្តខ្យល់ដែលបញ្ចេញត្រង់ចន្លោះខ្សែសំឡេង(ចរន្តខ្យល់នោះត្រូវរងសម្ពាធយ៉ាងខ្លាំងបណ្ដាលឱ្យសន្ទះខ្សែសំឡេងទាំងពីរមានចលនាឡើងលើ)។ ៣- យន្តការចរន្តខ្យល់ចូលត្រង់ចន្លោះខ្សែសំឡេង និង ៤- យន្តការចរន្តខ្យល់ចូលតាមគុហាមាត់/ប្រហោងមាត់ ដែលធ្វើឱ្យអណ្ដាតមានចលនាចុះក្រោម។