• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

វិទ្យាសាស្ត្រនយោបាយនិងការទូត

សេចក្ដីពន្យល់

ទណ្ឌកម្មច្បាប់សង្គ្រាម

អ. sanctions of war laws
បារ. sanctions (f.) en application (f.) des lois (f.) de guerre (f.)

ជាវិធានការផ្លូវច្បាប់ស្ដីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្គ្រាមអន្តរជាតិក្នុងការធ្វើសង្គ្រាម។ ច្បាប់អន្តរជាតិ ជារឿយៗត្រូវបានគេរិះគន់ដោយហេតុថាគ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋ ច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្បាប់សង្គ្រាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែ ច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឱ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នេះឡើយ។ ជាទូទៅនៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្គ្រាម ប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ ប្រទេសតូចតាចនិងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្គ្រាម។ ឧទាហរណ៍ ៖ លោក Slobodan Milosevic (១៩៤១-២០០៦) ដែលជាប្រធានាធិបតីសាធារណរដ្ឋសែប៊ី ពីឆ្នាំ១៩៨៩ដល់១៩៩៧ និង ជាប្រធានសហព័ន្ធសាធារណរដ្ឋយូហ្គោស្លាវី ពីឆ្នាំ១៩៩៧-២០០០ ត្រូវបានគេចោទប្រកាន់ជាឧក្រិដ្ឋជនសង្គ្រាម ហើយ ត្រូវបានគេកាត់ទោសតាមច្បាប់អន្តរជាតិស្ដីពីឧក្រិដ្ឋកម្មសង្គ្រាម។ ទណ្ឌកម្មសង្គ្រាមមានដូចតទៅ៖ ១-ការផ្ចាញ់តប (reprisal) ៖ ជាវិធានការដ៏ចំណាស់មួយនៅក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយដើម្បីបង្ខំឱ្យបណ្ដារដ្ឋដែលឈ្លោះគ្នាទាំងអស់ប្រតិបត្តិតាមវិធាននៃការធ្វើសង្គ្រាម។ ក្នុងពេលថ្មីៗនេះការផ្ចាញ់តប ជារឿយៗធ្វើឱ្យរដ្ឋាភិបាលមានជម្លោះប្រតិបត្តិតាមវិធាននៃច្បាប់ស្ដីពីសង្គ្រាម។ ២- ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនសង្គ្រាម (punishment of war criminals) ៖ ជនណាដែលមានកំហុសពីបទឧក្រិដ្ឋសង្គ្រាមអាចត្រូវបានចាប់ខ្លួននិងកាត់ទោស។ ក្រោយសង្គ្រាមលោកលើកទី២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួនត្រូវបានគេឃុំខ្លួន និង ជនដែលគេរកឃើញថាមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេកាត់ទោស។ នៅក្នុងចំណោមសវនការស្ដីពីបទឧក្រិដ្ឋកម្មសង្គ្រាម មានសវនការ នៅទីក្រុងនុយរ៉ុមប៊ែរ និង ទីក្រុងតូក្យូ។ ៣- សំណង (compensation) ៖ រដ្ឋមានជម្លោះមួយដែលរំលោភបំពានលើច្បាប់នានាដែលទាក់ទងទៅនឹងសង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងសម្រាប់ការរំលោភបំពាននោះ។ មាត្រា៣នៃអនុសញ្ញាទីក្រុងឡាអេនាឆ្នាំ ១៩០៧ ចែងថា“ រដ្ឋមួយដែលបានរំលោភច្បាប់សង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងចំពោះការរំលោភបំពាននោះ”។