ទួលប្រាសាទស្ថិតក្នុងបរិវេណវត្តប្រាសាទសំរោងដែលទើបកកើតថ្មី មាននៅសល់តែខឿនប្រាសាទចាស់។ ទីទួលប្រាសាទបុរាណសំរោង ឬដែលសព្វថ្ងៃហៅថា ប្រាសាទសំរោងមានរឹទ្ធិ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្បែរជាយដែនកម្ពុជា-ថៃ។ ទីទួលនេះបន្សល់ស្នាមប្រាសាទបាក់បែកជាបំណែកថ្មជាច្រើននៅរាយប៉ាយពេញដី។ ទួលមានទំហំ ២០ម៉ែត្របួនជ្រុង ហើយរងការខូចខាតស្ទើរទាំងស្រុង កាលពីសម័យសង្គ្រាមស៊ីវិល ដោយត្រូវជនខិលខូចរុករានលួចយករូបចម្លាក់ និងវត្ថុបុរាណនានាទៅលក់។ ក្រោយពេលសង្គ្រាមបានបញ្ចប់ អង្គភាព៣១៧ភ្នំឆត្រ ដែលនៅក្បែរទីទួលប្រាសាទ និងអ្នកភូមិចំការគ បាននាំគ្នាជួសជុល ដោយរើសយកបំណែកថ្មបាក់បែកមករៀបលើទីទួលប្រាសាទចាស់វិញ ខណៈមានបំណែកថ្មប្រាសាទជាច្រើននៅរាយប៉ាយក្នុងព្រៃ។