ភ្នំប្រុសភ្នំស្រី  

វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅខាងជើងចំងាយប្រមាណ ១០០០ម៉ែត្រមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹង ទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ភ្នំប្រុសជាភ្នំកម្ពស់៣០ម. ដែលមានរាងទួលទាបមានផ្លូវឡើងយានយន្តបាន។ នៅលើភ្នំនេះមាន ព្រះវិហារខ្ពស់មួយដែលមានកំពូលប្រាំយកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំនេះមានពីរនៅទន្ទឹមគ្នាជាវិហារចាស់សម័យសង្គមរាស្រ្តនិយមនិងវិហារថ្មី។ ចំណែកភ្នំស្រីមានកម្ពស់ប្រមាណ ៥០ម. ឡើងតាមជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម ដែលយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត នៃខេត្តកំពង់ចាម។ រឿងនិទានភ្នំនេះស្ដីពីសម័យមុនដែលស្រីត្រូវទៅដណ្ដឹងប្រុស ក៏កើតកង្វល់ជំនុំគ្នាបបួលពួកប្រុសៗភ្នាល់លើកភ្នំ បើនរណាចាញ់ត្រូវចូលដណ្ដឹងគេ។ ក្រោយចុះខសន្យាភ្នាល់គ្នាដោយត្រូវលើកដីរហូតផ្កាយព្រឹករះទើបឈប់រួចហើយ គេក៏នាំគ្នាជញ្ជូនដីរៀងៗខ្លួន។ ពេលរាត្រីនោះពួកស្រីៗមានប្រាជ្ញាក្រោយជញ្ជូនដីអស់មយយរយៈ ក៏នាំគ្នាបង្ហូតគោមមួយតូចយ៉ាងខ្ពស់នៅជ្រុងឦសាន។ ឯពួកប្រុសៗក្រឡេកមើលទៅឃើញគោមនោះស្មានថាផ្កាយព្រឹករះ ក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិទ្រាលក់អស់ទៅ។ ចំណែកស្រីៗនាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែន ទើបឈប់។ ដល់មាន់រងាវកឺតៗ ប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹកមែនទែនរះ ក៏ដឹងខ្លួនថាចាញ់ប្រាជ្ញាគេ ក្រឡេកមើលទៅភ្នំស្រីមានទំហំធំខ្ពស់ជាងរបស់ខ្លួន។ តាំងពីនោះមក ប្រុសៗក៏ត្រូវចូលដណ្ដឹងស្រីៗធ្វើជាភរិយាដល់សព្វថ្ងៃនេះ។

ទីតាំងនៅលើផែនទី