ប្រាសាទប្រាង្គ, ប្រាសាទធំ, ប្រាសាទត្រីភុមនេស្វរៈ

ក្រុមប្រាសាទនេះដែលជាស្នាព្រះហស្ថរបស់ព្រះជ័យវរ្ម័នទី៤ នៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទដ៏សំខាន់ក្នុងបរិវេណនៃព្រះរាជធានីបុរាណមានឈ្មោះថា ឆោកគគីរ ដែលជាទីទួលមួយ ហើយសព្វថ្ងៃហៅថា កោះកេរ។ ប្រាសាទប្រាង្គធំជាប្រាសាទភ្នំ ដោយមានរាងជាសាជី មានកម្ពស់៣៥ម៉ែត្រ ចែកជា ៧ថ្នាក់ បែរមុខទៅទិសខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងឧទ្ទិសចំពោះព្រះអាទិទេពត្រីភូវនេស្វរៈដែលជានាមមួយរបស់ព្រះសិវៈ។ ប្រាសាទ មានព្រះសិវលិង្គមួយធំសម្បើមដែលគេតម្កល់លើកំពូលប្រាសាទ។ ចម្លាក់នរសិង្ហធំៗ ស្ថិតក្នុងឥរិយាបទទ្រព្រះសិវលិង្គនោះ ប្រកបដោយមហិទ្ធិឫទ្ធិយ៉ាងសម្បើម ដែលគេឆ្លាក់មានក្បាលមួយដៃពីរមាត់ហារបញ្ចេញចង្កូមកំពុងសំដែងឫទ្ធិ។ គេបានប្រឌិតរឿងនិទាននាងកន្ទន់សត្រាឱ្យជាប់ទាក់ទងនិងប្រាសាទនេះ ហើយគេហៅកូនភ្នំមួយនៅជាប់នេះថាជាផ្នូរស្ដេចដំរីស ដែលការស្រាវជ្រាវបង្ហាញថាជាដីទួលសម្រាប់លើកថ្មសាងប្រាសាទនោះទេ។

ទីតាំងនៅលើផែនទី