ប្រាសាទបានកសាងឡើងក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រច្រើនអង្គដោយចាប់ផ្ដើមពីព្រះបាទជ័យវរ្ម័នទី៥ ដែលជាប្រាសាទរដ្ឋរបស់ទ្រង់ និងបានកសាងបន្តដោយព្រះបាទសុរ្យវរ្ម័នទី១ គឺនៅចុងសតវត្សរ៍ទី១០-ដើមសតវត្សរ៍ទី១១។ ប្រាសាទតាកែវឧទ្ទិសដល់សាសនាហិណ្ឌូនិកាយព្រះព្រះសិវៈ ដែលប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ មានកម្ពស់ ២២ ម៉ែត្រ មានប្រាង្គប្រាំហើយសង់ជាបីជាន់។ ថែវស្ថិតនៅជាន់ទីពីរមានដំបូលធ្វើពីឥដ្ឋតែឥឡូវខូចខាតអស់ហើយ ។ ប្រាសាទមានអគាររាងចតុកោណ ថែវពីរ និង ហោត្រៃពីរនៅទិសខាងកើត។ ជាន់ខាងលើមានរាងការ៉េ និង មានជណ្ដើរឡើងគ្រប់ទិស។ ថ្មនៅប្រាសាទនេះ មានលក្ខណៈរឹងពិបាកឆ្លាក់ទើបប្រាសាទនេះគ្មានចម្លាក់។ ប្រាសាទនេះជាប្រភេទប្រាសាទភ្នំដែលមានប្រាង្គប៉ុន្តែមិនមានតុបតែងនេះ មានឈ្មោះដើមជា "ភ្នំដែលមានកំពូលមាស" ដែលជាដំបូងត្រូវបានកសាងទាំងស្រុងពីថ្មភក់ធំៗ។