ល្អាងភ្នំទាក់ទ្រាំង, ល្អាងស្ពាន

ល្អាងស្ពានជាឈ្មោះដែលអ្នកស្រាវជ្រាវផ្ដល់ឱ្យ ដោយហៅតាមរូបរាងថ្មដែលមានសណ្ឋានដូចជាស្ពាននៅក្នុងល្អាង។ ភ្នំទាក់ទ្រាំងមានល្អាង ដែលកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ នៅទសវត្សទី៦០ (ឆ្នាំ១៩៦៤) លោករ៉ូឡង់-ម៉ូរ៉េ (Roland Mourer) និងប្រពន្ធរបស់គាត់អ្នកស្រីសេស៊ីល (Cécile) បានមកដល់ល្អាងស្ពាននេះហើយគាត់បានធ្វើកំណាយសាកល្បង នៅលើផ្ទៃដីសរុបចំនួន១៥ម៉ែត្រក្រឡា ដែលចែកជាបីរណ្ដៅនៅក្នុងផ្ទៃរូងទាំងមូល។ រូងនេះមានបណ្ដោយ៤២ម៉ែត្រ ទទឹង២០ម៉ែត្រ និងកម្ពស់ពីផ្ទៃដីដល់ពិដាននៃរូងភ្នំប្រហែល២០ម៉ែត្រ។ តាមរយៈការធ្វើកំណាយកាលជំនាន់នោះគាត់បានប្រទះឃើញបំណែកថ្ម និងកម្ទេចកម្ទីកុលាលភាជន៍មួយចំនួន នៅក្នុងស្រទាប់ដែលជ្រៅជាងគេ (ស្រទាប់ទី៩)។ លោករ៉ូឡង់-ម៉ូរ៉េបានបញ្ចប់ការស្រាវជ្រាវលើកដំបូង ដោយឱ្យលទ្ធផលនៅពេលនោះជាកាលបរិច្ឆេទរវាង ៦៩០០០ដល់៦៨០០ឆ្នាំ មុនគ្រឹស្តសករាជ។ វត្ថុសិល្បៈដែលរកឃើញ សុទ្ធតែជាឧបករណ៍សម័យយុគថ្មបំបែកនិងបំណែកវត្ថុប្រើប្រាស់ដែលធ្វើពីដីដុត។ គាត់បានធ្វើការសម្គាល់ថាល្អាងស្ពានជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងការតាំងទីលំនៅក្នុងរូងភ្នំរបស់មនុស្សនាសម័យយុគថ្មបំបែក។ នៅដើមឆ្នាំ២០០៩ គម្រោងសិក្សាស្រាវជ្រាវថ្មីមួយបានធ្វើការសិក្សាបន្ថែមនៅស្ថានីយ៍ដដែលនេះ។

ទីតាំងនៅលើផែនទី