ក្រុមប្រាសាទតោ ស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាង្គប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អចំនួន ១, នៅល្អពាក់កណ្ដាលចំនួន ៦ និងបាក់បែកចំនួន ៣៦។ ក្រុមប្រាសាទតោហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្ដោយ ៣២៨x៣១០ម៉ែត្រ ដែលមានច្រកចូលនៅទិសខាងកើតនិងខាងលិច។ រីឯកំពែងខាងក្នុងវិញ មានប្រវែង១៧២x១៦០ ម៉ែត្រ ដែលមានច្រកចូលនៅស្របទិសខាងកើតនិងខាងលិចដូចគ្នា។ នៅទិសឦសានចន្លោះកំពែងខាងក្នុងនិងខាងក្រៅ មានស្រះបុរាណមួយមានប្រវែង ២១០x៣២ ម៉ែត្រ ដែលជាស្រះមានបាតនិងជញ្ជាំងតម្រៀបដោយថ្មបាយក្រៀម មានជណ្ដើរ នៅផ្នែកខាងត្បូង។ ច្រកចូលកំពែងខាងលិចមានផ្លូវភ្ជាប់ទៅក្រុងឦសានបុរៈ។ ប្រាសាទក្នុងក្រុមនេះសាងឡើងអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយមានគ្រឿងលម្អស្ថាបត្យកម្មធ្វើអំពីថ្មភក់ ហើយមានអាយុកាលចាប់ពីស.វ.ទី៧-ចុងស.វ.ទី៨។ ក្នុងបរិវេណកំពែងខាងក្នុងមានប្រាង្គសំខាន់មួយប៉ុណ្ណោះនៅចំកណ្ដាល ដែលគេហៅថា “ប្រាសាទតោ” C១ ដែលនៅមានរូបរាង ក្រៅពីនេះបានបាក់បែកអស់ទៅហើយ។ ប្រាសាទតោសង់ឡើងអំពីឥដ្ឋបូកកំបោរបាយអ (កំបោរបាយអសព្វថ្ងៃជ្រុះអស់ហើយ) រាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត សង់នៅលើខឿនធ្វើអំពីឥដ្ឋ។ ប្រាសាទនេះ មានកម្ពស់ ១៤ម៉ែត្រ ជញ្ជាំងកម្រាស់ ២,៥ម៉ែត្រ បណ្ដោយ ១៥,៥ ម៉ែត្រ និងទទឹង ១២,៤៤ម៉ែត្រ។ ផ្នែកខាងក្នុងប្រាសាទ មានរាងបួនជ្រុងទ្រវែង លយចេញមកច្រកចូលខាងកើត។ ជញ្ជាំងខាងក្នុងលម្អដោយ ក្បាច់សសរផ្អោបជ្រុងរៀបជារាងសាជីជ្រុង សេសសល់ស្នាមទឹកពណ៌ ដែលលាបជាប់នឹងជញ្ជាំង។ នៅមុខខាងកើត គេរៀបក្បាលជណ្ដើរអមសងខាងខឿនយ៉ាងខ្ពស់ភ្ជាប់ដោយបដិមាតោមួយគូ កាំជណ្ដើរ ៧កាំ ទ្រនាប់ជណ្ដើរ ១។ ចម្លាក់តោនៅទីនេះមានចំនួនបីគូតាមទិសទាំងអស់លើកលែងតែទិសខាងលិច។ បដិមាតោចំនួន ៣ រក្សាទុកនៅសារមន្ទីរខេត្ត ១បាត់បង់។ ទ្វារបញ្ឆោតទាំងបីនៃប្រាសាទតោ ធ្វើអំពីថ្មភក់លម្អជារាងស៊ុមទ្វារដែលផ្នែកកណ្ដាល គេរៀបជាក្បាច់បន្ទះឈរត្រង់អមដោយក្បាច់រាងបួនជ្រុងនៅចំពាក់កណ្ដាលទ្វារ។ លក្ខណៈបែបនេះពុំឃើញមាននៅប្រាសាទណាផ្សេងទៀតក្នុងតំបន់នេះឡើយ។ ផ្តែរទ្វារប្រាសាទតោនៅរក្សារូបរាងដើមទាំងអស់ ដោយឡែកសសរពេជ្រនៅប្រាសាទតោ មានរាងប្រាំបីជ្រុងលម្អដោយក្បាច់ផ្សេងៗ ដែលមានលក្ខណៈខុសពីសសរពេជ្រផ្សេងៗទៀតនៅក្នុងក្រុមខាងជើងនិងខាងត្បូង។ប្រាង្គក្រៅកំពែងក្នុងក្រុមនេះមាន C២, C៣(ពីរ), C៤, C៥, C៦(បី), C៧, C៨, C៩។ ប្រាង្គទាំងនេះ មានខ្លះសាងឡើងអំពីឥដ្ឋរាងបួនជ្រុងស្មើ ខ្លះទៀតសង់អំពីថ្មបាយក្រៀម (C6-3) ហើយបែរមុខទៅទិសខាងកើតដូចគ្នា។ ក្នុងចំណោមប្រាសាទមួយជួរនេះ ប្រាង្គ C៥ នៅរក្សារូបរាងល្អជាងគេ។ ក្បាលជញ្ជាំងខាងត្បូងនៃប្រាង្គ C៥ លម្អដោយចម្លាក់ជើងទៀនតម្រៀបជួរ ក្បាច់ផ្កាចាន់ និងមានចម្លាក់គូឌុថែមទៀតផង។ នៅឆ្នាំ២០០៦ គេបានរកឃើញផ្តែរទ្វារមួយដែលឆ្លាក់រឿងទេវកថាមួយ ដែលសព្វថ្ងៃរក្សាទុកនៅសារមន្ទីរខេត្ត។ ប្រាង្គទាំងអស់នៅខាងក្រៅកំពែងខាងលិច សុទ្ធសឹងមានលក្ខណៈជាប្រាសាទ រចនាបថព្រៃក្មេង នៅស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ឬព្រះបាទជ័យវរ្ម័នទី១។