មួយរយៈចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែង ទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។ ទំនប់ទឹក ២០ ឧសភា នេះ បានកសាងឡើងនៅ ក្នុងរបប ប៉ុល ពត អំឡុងឆ្នាំ១៩៧៧-១៩៧៨ ដោយមានសំណង់ទ្វារទឹកធំៗ ៣ កន្លែង និងសំណង់ទ្វារទឹកតូចៗចំនួន ៥ កន្លែងទៀត នៅលើខ្នងទំនប់បណ្ដោយប្រមាណ២ ពាន់ម៉ែត្រ។ ទំនប់ទឹកនេះ បានស្តុកទឹករាប់លានម៉ែត្រគូប ដែលហូរចេញមកពីស្ទឹង ស្រះអង្គាម ហើយអាចផ្គត់ផ្គង់ទឹកធ្វើចម្ការ និងស្រែប្រាំងរបស់ ប្រជាពលរដ្ឋ បានរាប់ពាន់ហិកតា។ ទំនប់បានក្លាយជាកន្លែង ទេសចរណ៍លេងកម្សាន្ត ដោយមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានមកធ្វើរោងលក់ដូរនំចំណី ភេសជ្ជៈ នៅតាមខ្នងទំនប់ជាហូរហែ និងក៏មានទាទឹកសម្រាប់ជិះលេងកម្សាន្តនៅក្នុងទំនប់ទឹក ជាពិសេសគឺនៅថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍។