នៅប៉ែកខាងត្បូងឈៀងខាងលិចវត្តអំពែភ្នំប្រហែល២០០ម៉ែត្រ មន្ទីរបូជនីយដ្ឋានមួយបានត្រូវសាងសង់ឡើង ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលបានគាស់ចេញពីរណ្ដៅមួយចំនួនដែលស្ថិតនៅជុំវិញបរិវេណវត្ត និងពីទីតាំង សម្លាប់បន្ទាយ រោងគោ។ នៅឆ្នាំ១៩៨៦ ការសាងសង់បានចាប់ផ្ដើមឡើង ដែលថវិកាឧបត្ថមការសាងសង់នេះ គឺបានមកពីការរៃអង្គៀស ថវិកាពីវត្តនានា និងប្រជាជនក្នុងស្រុក ដែលកាលដំបូង មន្ទីរនេះមានទំហំប្រហែល ៥ម៉ែត្រក្រឡា មានដំបូលប្រក់ក្បឿងនិងពាសជញ្ជាំងក្ដារ។ ប៉ុន្ដែនាបច្ចុប្បន្ននេះ ជញ្ជាំងក្ដារទាំងនោះ ត្រូវពុកផុយ ទើបមានការផ្ដួចផ្ដើមសាងសង់សំណង់ថ្មី ជាចេតិយបេតុង។ អដ្ឋិធាតុមួយចំនួន ទើបតែត្រូវនាំយកទៅដាក់គរ ជាមួយនឹងអដ្ឋិធាតុមុនៗ បន្ទាប់ពីច្រាំងស្ទឹងត្រូវបាក់ស្រុតចូលទៅក្នុងស្ទឹង។ សាក្សីនិយាយថា មានឆ្អឹងច្រើនគួរសម បានលេចឡើងនៅពេលដែលច្រាំងស្ទឹងបានបាក់ចុះ។