សារមន្ទីរកោះថ្ម

សារមន្ទីរដ៏ប្រណីតមួយសម្រាប់តម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។សារមន្ទីរកោះថ្មសាងសង់ឡើងតាមរចនាបថខ្មែរប្រកបដោយក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្មជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសម្ដេចតេជោ ហ៊ុន សែន បានឈរជើងផងដែរ។ ទីតាំងនេះហើយជាចំណុចចាប់ផ្តើមដែលសម្ដេចតេជោ ហ៊ុន សែន បានភៀសខ្លួនចូលទៅប្រទេសវៀតណាមស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅការវាយផ្តួលរំលំដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី ភរិយា និងកូនក្នុងផ្ទៃ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យបូជសាសន៍ប៉ុលពត។

ទីតាំងនៅលើផែនទី