វាលរំប្លង់

វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប្លង់ ជាកូនរបស់មេកុលសម្ព័ន្ធភ្នំបានមកបង្ហោះខ្លែងលេងដូចសព្វដងស្រាប់តែមានខ្យល់ដ៏ខ្លាំងមួយបានបក់ខ្លែងនោះទៅទើជាប់នឹងដើមស្រឡៅដ៏ខ្ពស់មួយ។ រំប្លង់សែនស្ដាយខ្លែងដ៏ស្រស់ស្អាតរបស់គេ ដូច្នេះហើយក៏សម្រេចចិត្តឡើងដើមឈើដើម្បីយកខ្លែងមកវិញ។ ជាអកុសល នៅពេលឡើងដល់ចុង មែកឈើនោះក៏បាក់ហើយរំប្លង់ក៏ធ្លាក់ស្លាប់ទៅ។ ឪពុករំប្លង់និងអ្នកភូមិទាំងអស់បានមកកាន់កន្លែងទួលនោះដើម្បីប្រារព្វពិធីបុណ្យសព។ សាកសពរបស់រំប្លង់ត្រូវបានរក្សាទុកនៅក្នុងផ្នូរមួយនៅទីនោះរួមទាំងខ្លែងនោះផង។ កន្លែងនិងថ្ងៃស្លាប់របស់រំប្លង់ ត្រូវបានគេប្រារព្វឡើងជារឿងរាល់ឆ្នាំដោយអ្នកកុលសម្ព័ន្ធជំនាន់ក្រោយទាំងអស់ ដោយមានពាងស្រា អាហារ និងផ្លែឈើដើម្បីប្រារព្វពិធីនោះផង។

ទីតាំងនៅលើផែនទី