ប្រាសាទរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២។ ព្រះអង្គបានស្ថាបនាព្រះសិវលិង្គសម្រាប់រាជវង្សឈ្មោះថា ជយេស្វរៈ ដែលបានតាំងនៅក្នុងប្រាសាទនេះ ដោយមានធ្វើពីធីទេវរាជនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីតាំងខ្លួនជាស្តេចចក្រវាល។ ប្រាសាទមានទម្រង់ជាប្រាសាទភ្នំ រាងជាពីរ៉ាមីត មាន៥ថ្នាក់ និងកម្ពស់ប្រមាណម្ភៃម៉ែត្រ។ នៅលានខាងលើទំហំប្រមាណ១០០ម៉ែត្រការ៉េ មានបល្ល័ង្គសម្រាប់តម្កល់ស្នោទ្រោណិ និងសិវលិង្គ។ ប្រាសាទមានរាងការ៉េមានជ្រុងប្រវែងប្រមាណ៤០ម៉ែត្រ មានជណ្ដើរទៅតាមទិសទាំងបួន។