សារមន្ទីរខេត្តតាកែវ

ខេត្តតាកែវ ជាខេត្តដែលមានទឹកដី និង វប្បធម៌ ដ៏ចំណាស់មួយ ដែលបណ្ដុំទៅដោយ ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ចំណាស់ៗជាច្រើនកន្លែង ដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យ ហើយវត្ថុបុរាណទាំងនោះ ត្រូវបានរក្សាទុក។ ក្នុងនោះ មានសារមន្ទីរចំនួនពីរ ដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និង សារមន្ទីរអង្គរបុរី។ សារមន្ទីរខេត្តតាកែវ ជាសារមន្ទីរសំខាន់ ដែលបានតម្កល់ រូបចម្លាក់ បុរាណ រាប់មិនអស់ ។ សារមន្ទីរនេះ បានបើកដំណើរការ តាំងពីឆ្នាំ ២០០៦ មកម្ល៉េះក្នុងគោលបំណងតម្កល់ និង ថែរក្សាវត្ថុបុរាណនានា ដែលប្រមូល បានពីទីទួល ឬ ប្រាសាទ បុរាណនានា ដើម្បីឱ្យមហាជន សិស្សានុសិស្ស ភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និង សិក្សាស្វែងយល់បន្ថែមអំពីស្នាដៃ សិល្បៈរបស់បុព្វបុរសខ្មែរ ។ ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិបានចូលទៅទស្សនា ធ្វើការសិក្សាស្វែងយល់ អំពី វប្បធម៌ ដែល មានវ័យចំណាស់ ហើយត្រូវបានគេយកមករក្សាទុកនៅក្នុងសារមន្ទីរនេះ។ ស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សារមន្ទីរមានសាលដាក់តាំងបង្ហាញវត្ថុសិល្បៈប្រណិតនៅសម័យបុរាណមានដូចជា ផ្តែរ ថ្មបុស ព្រះសិវលិង្គ ពុទ្ធបដិមា សិលាចារឹកជាដើម។

ទីតាំងនៅលើផែនទី