ឆ្លូងភ្នំព្រះ គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រមួយនៅទីរួមស្រុកឆ្លូង។ មានអាស្រម និងព្រះពុទ្ធរូបដ៏ធំមួយ ដែលមនុស្សមកពីកន្លែងផ្សេងៗ បានទៅលេងកម្សាន្ត។ គេនិយាយថារូបសំណាកព្រះពុទ្ធនេះ ធ្វើពីឈើតាត្រាវ ដែលអណ្ដែតតាមទន្លេមេគង្គពីប្រទេសឡាវ ហើយមកជាប់នៅនឹងកំពង់ទឹកវត្តមួយ ដែលឥឡូវមានឈ្មោះថា វត្តសិលានទីឆ្លូង។ ឧបាសក និងឧបាសិកាក្នុងវត្តបាននាំគ្នាយករូបសំណាកនោះមករក្សាទុកក្នុងវត្តដើម្បីធ្វើជាគ្រឿងសក្ការៈបូជា។ ក្រោយមករូបសំណាកនេះបានពន្យល់សប្ដិអ្នកភូមិថា ការយករូបសំណាកនោះទៅដាក់នៅលើភ្នំខាងចុងភូមិនោះ នឹងផ្តល់នូវសុខភាពល្អ និងភាពរុង រឿងដល់អ្នកភូមិ។ គេក៏បានធ្វើតាម ហើយតាំងពីពេលនោះមក គេក៏បានហៅភ្នំនោះថា “ភ្នំព្រះ” រហូតមក។ សព្វថ្ងៃនេះ វត្តភ្នំព្រះ គឺជាទីគោរពបូជាប្រកបដោយជំនឿមុតមាំនៃអ្នកស្រុកជិតឆ្ងាយ ហើយក៏មានសំណង់ថ្មីៗជាច្រើនផងដែរ។