ឧទ្យានជាតិព្រះមុនីវង្ស

រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមាត់សមុទ្រ មានអាកាសធាតុត្រជាក់។ ភ្នំបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប កោះត្រល់ ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ទីតាំងដែលកំណត់នេះគឺជាចំណុចផ្លូវបំបែកទៅកាន់រមណីយដ្ឋាននានាលើខ្នងភ្នំនេះ។

ទីតាំងនៅលើផែនទី