គ្រឹះប្រាសាទភ្នំបារៀង

អ្នកស្រុកនៅទីនោះធ្លាប់ចងចាំរឿងព្រេងពីរដែលនិទានអំពីការហៅឈ្មោះភ្នំនេះថា "ភ្នំ បារៀង"។ រឿងព្រេងនោះតំណាលពីហ្វូងក្របីដែលក្របីបាធំមួយជាមេហ្វូង មានចិត្តឃោរឃៅមិនឱ្យមានកូនក្របីឈ្មោលណាមួយក្នុងហ្វូងនោះឡើយ គឺក្របីបានេះនឹងសម្លាប់ចោលទាំងអស់។ មេក្របីមួយក្បាលបានដឹងនិងរកមធ្យោបាយឱ្យកូនរបស់ខ្លួនបានរស់ពេលកើត ក៏បានភៀសខ្លួនរត់ទៅនៅព្រៃបឹងឆ្ងាយពីហ្វូង។ លុះកូនក្របីនោះធំពេញរូបរាងកម្លាំងខ្លាំងក្លា មេវាក៏ប្រាប់ឱ្យខំស៊ីស្មៅផឹកទឹកឱ្យបានច្រើនហើយខំហាត់ ដោយជល់ដើមក្រសាំងលុះត្រាតែអាចវាត់ត្រូវផ្លែក្រសាំងទាំងប៉ុន្មានកុំឱ្យវាធ្លាក់ដល់ដីបាន។ ពេលកូនក្របីហ្វឹកហាត់បានសម្រេចហើយក៏ទៅជួបក្របីបា ហើយបានប្រយុទ្ធគ្នារហូតក្របីបានោះស្លាប់ទៅ។ តាំងពីពេលក្របីបាក៏លែងមកការពារហ្វូងដូចមុន អ្នកស្រុកបានសន្មតថា ក្របីបាធំរាងចាលទើបសន្មតឈ្មោះភ្នំនេះថា ភ្នំបារៀងរហូតមក។ ចំណែករឿងមួយទៀតតំណាលពីមេមត់ (អ្នកចូលរូប) ម្នាក់ ពេលបញ្ជាន់រូបគឺជារូប មេទ័ពម្នាក់ឈ្មោះ "បានរាង" (អ្នកមានរូបរាងធំសង្ហា) ដែលជាមេទ័ពពូកែអាចកំចាត់ទ័ពសៀមដែលឈ្លានពាន ហើយហ្វឹកហាត់ក្បួនសឹកក្បាច់គុន និងមន្តអាគមនៅលើភ្នំនោះ។ អ្នកស្រុកក៏បានសន្មតឈ្មោះគាត់ថា "មេទ័ពបានរាង" ជាប់ជាឈ្មោះភ្នំតរៀងមក។ ការវិភាគតាមពាក្យវិញ គឺជាបន្សំរវាងពាក្យ “បា" និង “រៀង”។ ពាក្យ"បា" វិវឌ្ឍពីពាក្យដើមថា “ព្រះ" ចំណែក ពាក្យ “រៀង" មានន័យ ដាក់តាមលំដាប់។ សរុបមក គឺ “ព្រះរៀង” ដែលគេសំដៅលើប្រាង្គប្រាសាទដែលសង់ជាថ្នាក់ៗចាប់ពីចង្កេះភ្នំរហូតដល់កំពូល។ នៅលើភ្នំបារៀង មានទីតាំងប្រាសាទសាងជាថ្នាក់រៀងគ្នាពីចង្កេះភ្នំរហូតដល់កំពូលចំនួន ៥ ទីតាំង ហើយបើគិតជាប្រាង្គ អាចមានប្រាង្គ ១១ ឬ ១៣។ ទីតាំងប្រាសាទចំនួនប្រាំកន្លែងនេះមាននៅសំណល់ជាប្រាសាទបាក់បែក ក្លាយជាខ្ទមអ្នកតា ដែលគេហៅថា “យាយទេព” មាននៅសំណល់ ថ្មគោល ៤ ដើម មានអាយុចាប់ ពីស.វ.ទី១៣-១៥។ ទីតាំងសំខាន់មានប្រាង្គប្រាសាទសរុបចំនួន ៣ ដែលគេសាងឡើងអំពីឥដ្ឋ រត់ជួរជើងត្បូង ហើយសព្វថ្ងៃនៅសល់តែប្រាង្គកណ្ដាលទេដែលនៅសល់រូបរាងច្រើនជាងគេ។ ទីនេះពោលមាននៅសល់ជញ្ជាំងមួយចំហៀង ហ៊ុមព័ទ្ធដោយដើមឈើធំមួយ ចំណែកប្រាង្គដទៃបាក់បែកទាំងស្រុង។ សព្វថ្ងៃនៅខាងមុខប្រាង្គកណ្ដាល គេបានសាងជាសាឡុំថ្មីមួយធ្វើអំពីបេតុង។ ប្រាង្គកណ្ដាល មានរាងបួនជ្រុងទ្រវែង ដែលសព្វថ្ងៃអ្នកស្រុក ហៅថា ប្រាសាទដើមច័ន្ទ ហើយនៅសល់ផ្ទាំងមេទ្វារ និងផ្តែរទ្វារមួយស្ថិតក្នុងចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧។ ចំចំណុចកំពូលភ្នំ ដែលមានប្រាសាទទាំងអស់សាងឡើងអំពីឥដ្ឋលើខឿន ប៉ុន្តែប្រាសាទទាំងអស់បានបាក់រលំអស់ ហើយសព្វថ្ងៃអ្នកស្រុកចាក់បេតុងរៀបជាកន្លែងព្រះពុទ្ធរូបធំមួយអង្គ។ ទីនេះមាននៅសល់សិលាចារឹកមួយផ្ទាំងដែលចារឹកនៅស.វ.ទី១០។ ជារួមទីនេះជាទីតាំងប្រាសាទបុរាណសម័យមុនអង្គរក្នុងស.វ.ទី៧ ហើយសាងបន្ថែមនៅស.វ.ទី១០ ដែលជាសំណងគោរពដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

ទីតាំងនៅលើផែនទី