ប្រាសាទព្រះប៉ាលិល័យ

កាលបរិច្ឆេទសាងសង់មិនច្បាស់លាស់ទេ តែគេជឿថាការសាងសង់បានធ្វើឡើងនៅចុងសតវត្សរ៍ទី១២ដើមសតវត្សរ៍ទី១៣ ហើយអាចបន្តដល់ដើមសតវត្សរ៍ទី១៤។ ប្រាង្គនេះត្រូវបានគេសាងសង់ឡើងវិញ និងជួសជុលនៅក្រោយសម័យបាយ័ន។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់មានជណ្ដើរឡើងគ្រប់ទិស។ នៅតាមហោជាងនិងផ្តែរទ្វារនៃប្រាសាទនេះ សុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ មានប្រាង្គធ្វើពីថ្មបាយក្រៀម និងថ្មភក់ជាមួយក្បាច់រចនាដ៏ល្អ ហ៊ុមព័ទ្ធដោយព្រៃ នៅខាងក្រោយលានស្តេចគម្លង់។ ប្រាង្គកណ្ដាល គឺមានលក្ខណៈរដិបរដុប ប៉ុន្តែនៅគោបុរៈ ខាងកើត មានជារូបចម្លាក់បែបពុទ្ធសាសនាដ៏ស្រស់ស្អាត។

ទីតាំងនៅលើផែនទី