ប្រាសាទគុកព្រីងជ្រុំ

ប្រាសាទធ្វើពីឥដ្ឋមួយដែលបែកបាក់អស់មួយផ្នែកធំ នៅតែសំណល់ជញ្ជាំង ចំណែកដំបូលខូចអស់គ្មានសល់ ហើយប្រកបដោយទ្វារបញ្ឆោត៣ទៀតតាមទិសធំនីមួយៗ ។ ប្រាសាទមានរាងការ៉េ ទំហំ ៣.៥ x ៣.៥ម. នៅសល់មេទ្វារសងខាងដែលមានសិលាចារឹក ចុះលេខ K92 ។ ប្រាសាទនៅកណ្ដាលវាលស្រែនេះ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រវែង២៥ម.x២០ម. ខ្លោងទ្វារកំពែងធ្វើអំពីថ្មបាយក្រៀម មានច្រកចូលតែមួយមានកសិន្ធុព័ទ្ធជុំវិញ និងមានត្រពាំងមួយ។ ប្រាសាទសង់ឡើងក្នុងកំឡុងស.វ.ទី១១ ហើយមានខ្ទមអ្នកតាមួយសង់នៅទីនោះ ដែលប្រហែលជាសង់ដោយអ្នកភូមិឬអ្នកលាបំណន់ណាម្នាក់។ ទោះប្រាសាទស្ថិតនៅមិនឆ្ងាយពីវត្ត ក៏មិនមានការថែរក្សា ហើយត្រូវបានបំផ្លាញដោយធម្មជាតិ និងមនុស្ស។ ដោយឡែកសិលាចារឹកលេខ K92 នៅលើមេទ្វារចារឹករាក់ៗហើយក៏ទទួលរងការរលុបសឹករឹចរិលផងដែរ ចារក្នុងឆ្នាំ ១០២៨ គិតជាគស. នាសម័យអង្គររៀបរាប់ពាក្យគោរពបូជាដល់អង្គព្រះសិវ ព្រះទេវី ព្រះវិស្ណុ និងព្រះព្រហ្ម ព្រមទាំងការសរសើដល់ព្រះកិត្តិគុណរបស់ព្រះបាទសូរ្យវរ្ម័នទី១ផងដែរ។

ទីតាំងនៅលើផែនទី