ត្រាវកុដិ គឺជាឈ្មោះបឹងធម្មជាតិមួយដែលមានផ្ទៃទឹកលាតសន្ធឹងនៅរដូវប្រាំងទំហំប្រហែល ៣០ហិកតា ព្រមទាំងមានព្រៃធម្មជាតិដ៏ស្រស់ត្រកាល។ រមណីយដ្ឋានធម្មជាតិ ដែលមានទឹកងូតលេងកម្សាន្តមួយនេះ គឺជាទីកន្លែងថ្មីដែលរៀបចំដោយសហគមន៍ប្រជាពលរដ្ឋ បន្ថែមពីលើរមណីយដ្ឋានជាច្រើនរបស់ខេត្តសៀមរាប ដែលគេធ្លាប់ស្គាល់យូរមកហើយ។ ក្រៅពីការកម្សាន្តជាមួយធម្មជាតិ ការងូតទឹកលេង ក៏មានសេវាម្ហូបអាហារដែលចម្អិនដោយអ្នកស្រុកនិងអាចភ្លក់រសជាតិផ្លែឈើព្រៃមួយចំនួនដែលអ្នកភូមិដើរបេះយកមកពីតំបន់ភ្នំគូលែនផងដែរ។ តូបតូចៗជាច្រើនសម្រាប់សម្រាកសង់នៅតាមមាត់បឹង ការអុំទូកកម្សាន្ត ស្ទូចត្រី ហែលទឹក ហើយជាពិសេសទៅទៀត មានកង់ជិះលើអាកាស ដែលជាសេវាកម្សាន្តថ្មីមួយ។