ប្រាសាទព្រះស្រី, ប្រាសាទស្រី

ប្រាសាទនេះសង់លើទីទួលមួយក្បែរជម្រាលនៃភ្នំទូកមាស កសាងឡើងនៅចន្លោះសតវត្សរ៍ទី៨ តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីបែរមុខទៅទិសខាងកើត នៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា ៩ x ៩ម. កម្ពស់ប្រមាណ៧ម. តែបច្ចុប្បន្ននៅសល់តែប្រាង្គ១ប៉ុណ្ណោះ រីឯពីរទៀតត្រូវបានដួលរលំបាត់ទៅហើយ គ្រាន់តែបានបន្សល់នៅគ្រឹះនិងស៊ុមទ្វារមានចារអក្សរ ចម្លាក់តោមួយបាក់បែក ធ្វើអំពីថ្មភក់ និងបំណែកឥដ្ឋ។ សំណង់ស្ថាបត្យកម្មបុរេអង្គរមួយនេះ សង់នៅលើខឿនមួយមានកំពស់ប្រមាណជា ១ ម. មានទំហំខាងក្នុង ៤ x ៥ម.។ ក្រុមប្រាសាទស្រី ត្រូវបានស្ថាបនាឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី១ នៅចុងសតវត្សទី៧ ដើមសតវត្សទី ៨។ ប្រាសាទស្រីធ្វើអំពីឥដ្ឋបូកបាយអ រំលេចនូវក្បាច់រចនាដ៏ល្អស្អាត។ ជុំវិញប្រាសាទនៅលើជ្រុងនីមួយៗ យើងឃើញមាន សំណង់ប្រាសាទអណ្តែតតូចៗ ឬ វិមានអាកាស ដែលបង្ហាញពីលក្ខណៈអវកាសនៃបូជនិយដ្ឋាន។ លើកលែងតែតួប្រាសាទចេញធ្វើអំពីឥដ្ឋ ប្រអប់ទ្វារ ឬ ស៊ុមទ្វារ ផ្តែកាំជណ្តើរទាំង៤ទិស ឡើងទៅកាន់ប្រាសាទ និង សសរពេជ្រ ធ្វើអំពីថ្មភក់ទាំងអស់។ នៅឆ្នាំ១៩៩៦ គេបានឃើញសន្លឹកទ្វារខាងកើតនៃប្រាសាទនេះនៅគង់វង្សនៅឡើយ ត្បិតតែស្ថិតក្នុងស្ថានភាពរេចរឹលយ៉ាងខ្លាំងក្តី។ ម្យ៉ាងទៀតដំបូលនៃប្រាសាទស្រី មានសណ្ឋានជាថ្នាក់ៗ ចំនួន ៤ ធ្វើអំពីឥដ្ឋ ដោយក្បាច់រចនាយ៉ាងល្អប្រណិត។ នៅជុំវិញនោះ មានសំណល់នៃប្រាសាទដទៃជាច្រើន។

ទីតាំងនៅលើផែនទី