អ្នកតាឃ្លាំងមឿង

នៅបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿងស្ទើរពេញមួយសប្ដាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្ដីសុខសប្បាយពីបារមីអ្នកតាមេទ័ព។ ទាក់ទងនឹងអ្នកតាឃ្លាំងមឿងមិនមានរូបរាងបែបឈើឬថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរពូនឡើង។ ប្រវត្តិនៃអ្នកតាឃ្លាំងមឿងនេះគឺ ក្នុងសម័យដែលស្រុកខ្មែរជាស្រុកចំណុះសៀមក៏មានការបះបោរសម្លាប់ព្រះរាជបុត្រព្រះចៅសៀម ធ្វើឱ្យព្រះចៅសៀមលើកទ័ពមកសងសឹក ដោយសម្លាប់ព្រះរាជានិងញាតិសាច់សាលោហិតព្រមទាំងពួកមន្ត្រីផង។ សៀមបានរិបជាន់យកទ្រព្យសម្បត្តិនិងកៀរបណ្ដារាស្ត្រដោយទាំងព្រះម្នាងជាស្នំមានគ័ភ៌ និងមេដំរីសមួយក៏មានគ័ភ៌ដែរទៅស្រុកសៀម។ លុះព្រះម្នាងមានគភ៌គ្រប់ខែក៏ប្រសូតបុត្រមក ឈ្មោះឧទេន ហើយមេដំរីក៏កើតកូនក្នុងថ្ងៃតំណាលគ្នានោះដែរ។ កុមារឧទេនខំរៀនសូត្រវិជ្ជាគ្រប់យ៉ាងនិងវិជ្ជាខាងហ្មដំរីផងដែរ។ ថ្ងៃមួយដំរីកូននោះចុះប្រេងមិនមានអ្នកឯណាបង្ក្រាបបាន មានតែកុមារឧទេនទើបអាចចាប់ដំរីនោះបាន ទើបព្រះចៅសៀមក៏ប្រទានរង្វាន់និងងារឱ្យថា ជ័យអស្ចារ្យ។ លុះដល់អាយុ ១៦ ឆ្នាំ ជ័យអស្ចារ្យក៏នឹករកឧបាយដោះខ្លួនចេញអំពីសៀម ដោយចាត់មនុស្សធ្វើជាលនិងឈើជើងដំរីបន្លំជាដានជើងដំរីធំមួយ។ ព្រះចៅសៀមក៏ប្រើជ័យអស្ចារ្យទៅតាមទាក់ដំរីព្រៃនោះ ទើបជ័យអស្ចារ្យបានលេសសុំគ្នីគ្នានឹងដំរីធ្នាក់ច្រើនទៀតធ្វើដំណើរមកដល់ស្រុកបាត់ដំបង។ នៅទីនោះមានអ្នកស្រុករត់មកចុះចូលថ្វាយខ្លួនជាពលសេនា រួមទាំងសេនាចាស់ម្នាក់ឈ្មោះ មឿងនិងកូនប្រុស៤ នាក់ផងដែរ។ ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពេលដឹងថាជ័យអស្ចារ្យក្បត់ក៏លើកទ័ពមកកម្ចាត់។ ពេលជំនុំនិងពលសេនារកវិធីទប់ទល់ទ័ពសៀមនោះ មានតែសេនាមឿងឆ្លើយអះអាងហ៊ានតទល់ ដោយសុខចិត្តទៅកែនពលខ្មោចមកជួយច្បាំង។ គាត់បង្គាប់ឱ្យជីករណ្ដៅរួចឱ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឱ្យជង់ស្លាប់ក្នុងរណ្ដៅ ហើយបានផ្ដាំថា បើខ្ញុំស្លាប់ទៅបាន៧ថ្ងៃឮសូរសន្ធឹកហ៊ោកញ្ជ្រៀវយើងនឹងមានជ័យហើយ។ លុះផ្ដាំរួចក៏លោតចុះទៅក្នុងរណ្ដៅ ទាំងប្រពន្ធនិងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា។ ដល់គ្រប់៧ថ្ងៃក៏លាន់ឮសូរសន្ធឹកដូចគាត់ផ្ដាំមែន ហើយទ័ពខ្មោចចេញសម្ដែងឫទ្ធិធ្វើឱ្យពលសៀមដកថយត្រឡប់ទៅវិញអស់។ ស្ដេចនឹកឃើញដល់គុណូបការៈសេនាមឿង ក៏ចាត់ឱ្យធ្វើបុណ្យឧទ្ទិសផលយ៉ាងឧឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបមកដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿង។

ទីតាំងនៅលើផែនទី