ក្រុមប្រាសាទយាយព័ន្ធស្ថិតនៅខាងត្បូងគេ មានប្រាង្គសរុបចំនួន ៣៥ ដែលក្នុងនោះប្រាសាទនៅល្អមានចំនួន ៤។ ក្រុមប្រាសាទនេះព័ទ្ធដោយកំពែងពីរជាន់ ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានច្រកចូលគ្រប់ទិសទាំងបួន ហើយមានប្រវែងពីកើតទៅលិច ២៦០ម៉ែត្រ និងពីជើងទៅត្បូងប្រវែង ២៣៦ម៉ែត្រ។ នៅចំកណ្ដាលកំពែងខាងក្រៅ ភ្ជាប់ពីច្រកទ្វារខាងកើត មានស្ពានហាលប្រវែង ២ គីឡូម៉ែត្រ សណ្ដូកទៅកើតត្រង់ឆ្ពោះទៅស្ទឹងសែន ដូចក្រុមប្រាសាទសំបូរដែរ។ នៅមេទ្វារទាំងសងខាងកំពែងខាងក្រៅមានសិលាចារឹកលេខ K.440 និង K.441 សរសេរជាភាសាសំស្ក្រឹត ដែលរៀបរាប់ពីការគោរពសិវលិង្គដែលមានព្រះនាមថា “ស្រីប្រហសិតេស្វរ"។ កំពែងខាងក្នុងសាងឡើងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានជ្រុងនីមួយៗ ១៨៥ ម៉ែត្រ កម្រាស់ជញ្ជាំង ២ម៉ែត្រ មានច្រកចេញចូលគ្រប់ទិសទាំងបួន ហើយច្រកនីមួយៗសុទ្ធសឹងលម្អជារាងដូចប្រាង្គប្រាសាទ។ ប្រាសាទភាគច្រើននៅក្រុមប្រាសាទយាយព័ន្ធ សាងឡើងអំពីឥដ្ឋ តែក៏មានតិចតួចសាងឡើងអំពីថ្មបាយក្រៀម។ ឈ្មោះប្រាសាទថា យាយព័ន្ធ គឺចង់សំដៅលើរាងរបស់ប្រាសាទដែលមានប្រាំបីជ្រុង ហើយប្រាសាទទាំងនេះទំនងសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ លោក Henri Parmentier បានកំណត់ឈ្មោះថា ក្រុមខាងត្បូង តាងដោយអក្សរ S។ លក្ខណៈពិសេសនៃក្រុមនេះខុសពីគេ ដោយសារនៅបរិវេណកំពែងខាងក្នុង មានសាងប្រាង្គកណ្ដាល S១ ជាប្រាសាទរាងបួនជ្រុងទ្រវែងបែរមុខទៅកើត ហើយមានមណ្ឌបមួយនៅចំពីមុខ S២ បែរមុខទៅលិច។ ប្រាង្គកណ្ដាលចុះបញ្ជី S១ សាងឡើងអំពីឥដ្ឋនៅលើខឿនរាងបួនជ្រុងទ្រវែងមានជណ្ដើរគ្រប់ទិសទាំងបួន សង់បែរមុខទៅកើត កម្ពស់ប្រាសាទប្រហែល ២០ម៉ែត្រ។ ប្រាសាទនេះប្រកបដោយក្បាច់លម្អវិចិត្រ ចំណែកនៅបន្ទប់ខាងក្នុងផ្ទៃជញ្ជាំងលម្អដោយក្បាច់សសរផ្អោបនិងមាននៅសល់ស្នាមទឹកថ្នាំលាបពណ៌ជញ្ជាំងទៀតផង។ នៅទីនោះ មានសល់ជើងទម្រមួយ ដែលប្រហែលជាសម្រាប់តម្កល់សិវលិង្គធ្វើអំពីមាសនោះហើយ សព្វថ្ងៃសិវលិង្គនេះបាត់បង់ទៅហើយ។ តួប្រាង្គកណ្ដាលនៃប្រាសាទយាយព័ន្ធអាចសាងឡើងនៅ ចុងរចនាបថសំបូរព្រៃគុក ដើមរចនាបថព្រៃក្មេង ក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី១ (គ.ស ៦១៦-៦៣៧)។ ប្រាង្គដែលជាមណ្ឌប គេហៅឈ្មោះថា “ប្រាសាទក្ដារអុក” ឬ “ប្រាសាទអុក" S២ ដោយសារគេឃើញមណ្ឌបថ្មមានរាងដូចក្ដារអុក។ មណ្ឌបនេះសង់ទល់មុខប្រាង្គកណ្ដាល សាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង ដែលនៅផ្នែកខាងក្នុងប្រាង្គនេះ មានថ្មមណ្ឌបឬបុស្បុក មានរាងបួនជ្រុងស្មើមានជណ្ដើរឡើងនៅទិសខាងលិច។ មណ្ឌបនេះមានសសរស្តម្ភធ្វើអំពីថ្មភក់រាងបួនជ្រុង ចំនួនបួនដើមសម្រាប់ទ្រដំបូលធ្វើអំពីថ្មភក់មួយផ្ទាំងធំ។ នៅលើសសរស្តម្ភគេលម្អជារូបក្បាលរាហូ ហើយនៅជួរខាងលើគេ លម្អជាក្បាច់គូឌុ និងមានរូបចម្លាក់រូបមនុស្សទេពនៅខាងក្នុងមានសក់ រួញ ចិញ្ចើមក្រាស់ ពុកមាត់ក្រាស់ ច្រមុះស្រួច ភ្នែកធំដែលទំនងជារូបជនបរទេសឬអាចទទួលឥទ្ធិពលសិល្បៈបរទេស។ នៅកណ្ដាល មណ្ឌប មានទម្រស្តើងមួយធ្វើអំពីថ្មភក់មានចារឹកជុំវិញអក្សរជាភាសាសំស្រ្កឹតចំនួន ៣០ គាថា។ ប្រាសាទក្ដារអុក ធ្លាប់បាក់រលំម្ដងកាលពីឆ្នាំ២០០៦ ដោយសារភ្លៀងខ្លាំង ធ្វើឱ្យឥដ្ឋនៅផ្នែកកំពូលធ្លាក់សង្កតមណ្ឌបថ្មខាងក្រោមខូចខាតយ៉ាងដំណំ ទើបក្រោយមកអ្នកជំនាញបានជួសជុលឡើងវិញ។ ប្រាសាទក្ដារអុកទំនងសាងឡើងនៅក្នុងរជ្ជកាល ព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ដូចប្រាង្គកណ្ដាលដែរ។ តួប្រាង្គសំខាន់ចំនួន ៥ ទៀត ដែលស្ថិតនៅក្នុងបរិវេណនៃកំពែងខាងក្នុង សុទ្ធសឹងមានរាងប្រាំបីជ្រុងដូចគ្នា ហើយក្នុងនោះមានប្រាសាទចំនួន ៤ សង់តម្រៀបគ្នាជារាងបួនជ្រុងស្មើព័ទ្ធជុំវិញប្រាសាទកណ្ដាល បែរមុខទិសខាងកើត S៧, S៨, S១០, S១១ និងប្រាសាទ S៩ សង់នៅចន្លោះគេបែរមុខទៅទិសខាងលិច។ តួប្រាង្គទាំងប្រាំសុទ្ធសឹងមានក្បាច់លម្អស្អេកស្កះតាំងពីខឿនរហូតដល់ផ្នែកដំបូល។ នៅប្រាង្គ S៧ គេធ្លាប់រកឃើញផ្តែរទ្វារមួយដែល មានចម្លាក់រូបជនបរទេស ហើយសព្វថ្ងៃផ្ដែរនេះរក្សាទុកនៅសារមន្ទីរហ្គីមេប្រទេសបារាំង។ ចម្លាក់វិមានអណ្ដែតនៅតាមជញ្ជាំងប្រាសាទមានរាងប្រាំបីជ្រុងក៏មានលក្ខណៈពិសេសជាងប្រាសាទមានរាងបួនជ្រុងដែរ។ ជាពិសេសចម្លាក់វិមានអណ្ដែតនៅប្រាង្គ S១១ មានចម្លាក់ទេពមួយក្នុងទម្រង់ជាសិល្បៈប្រទេសពែក្សបុរាណ។នៅបរិវេណកំពែងខាងក្រៅ មានប្រាសាទរណបតូចៗចំនួន ៩ ព័ទ្ធជុំវិញ ភាគច្រើនសាងពីថ្មបាយក្រៀម។ ក្រុមប្រាសាទនេះមានស្រះទឹកចំនួនពីរ ដែលស្រះទីមួយតម្រៀបដោយថ្មបាយក្រៀមជុំវិញ សង់នៅទិសខាងកើតផ្នែកខាងជើងស្ពានហាលក្បែរ ប្រាង្គ S១៤ និងស្រះទឹកមួយទៀតសង់នៅខាងក្រៅកំពែងដូចគ្នាចំជ្រុងនិរតីនៃកំពែង។ កំពែងប្រាសាទយាយព័ន្ធសាងឡើងអំពីឥដ្ឋ មានរាងបួន ជ្រុងស្មើប្រវែង ១៨៤ម៉ែត្របួនជ្រុង។ នៅគ្រប់ទិសធំៗទាំងបួន គេបានសាងជាប្រាង្គប្រាសាទដូចៗគ្នា ប៉ុន្តែមានតែប្រាង្គខាងកើត និងខាងលិចប៉ុណ្ណោះ ដែលដើរតួនាទីជាច្រកចូល រីឯប្រាង្គខាងជើងនិងខាងត្បូង មានទ្វារចូលតែផ្នែកខាងក្នុងប៉ុណ្ណោះនិងខាងក្រៅជាទ្វារបញ្ឆោត។ ច្រកចេញចូលកំពែងខាងលិច មានចម្លាក់រូបទេពប្រយុទ្ធគ្នា ដោយមានតោមួយនៅឈរជិត ដែលគេសន្និដ្ឋានថាជាព្រះនាងទុគ៌ហើយចម្លាក់មួយផ្ទាំងទៀត មានរូបសត្វស្វាថ្វាយជំនូនទៅទេពស្រី ដែលអាចជាឈុតមួយក្នុងរឿងរាមាយណត្រង់ឈុតហនុមានថ្វាយព្រះទម្រង់ទៅព្រះនាងសិតា។ នៅខាងក្រៅកំពែងវិញ មានប្រាង្គចំនួន ៩ សង់នៅជុំវិញ ដែលទិសឦសាន មានប្រាង្គ S១២ នៅសេសសល់រូបរាងច្រើន ដែលមានរាងបួនជ្រុងទ្រវែង សង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើតទើបតែបាក់បែកទាំងស្រុងនៅឆ្នាំ២០០៥។