ប្រាសាទក្បាលជ្រូក, ប្រាសាទN20

ប្រាសាទក្បាលជ្រូក ឬប្រាង្គ N២០ មានប្រាង្គចំនួនបីសង់នៅក្បែរៗគ្នា ប៉ុន្តែសព្វថ្ងៃនៅសល់តែប្រាង្គមួយប៉ុណ្ណោះ ហៅថា ប្រាសាទក្បាលជ្រូក ដោយសារគេឃើញមានទបង្ហូរទឹក មួយចេញពីប្រាសាទនៅទិសខាងជើង មានលម្អ ដោយចម្លាក់រូបក្បាលមករឬរាហូ ដែលអ្នកមិនស្គាល់ក៏ហៅរូបនោះថា “ក្បាលជ្រូក” យ៉ាងដូច្នេះទៅ។ ប្រាសាទនេះមានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត ដែលមើលទៅដូចចែកចេញជាពីរផ្នែក ឬពីរល្វែងកើត-លិច ហើយប្លង់ ក្នុងទម្រង់របៀបនេះមានតែមួយគត់នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ សព្វថ្ងៃ ផ្នែកខាងលើនៃប្រាសាទបាក់បែកអស់ហើយ តែនៅតាមជញ្ជាំងគេលម្អជាក្បាច់ស្លឹកឈើ និងវិមានអណ្ដែតយ៉ាងប្រណិតជាងចម្លាក់នៅប្រាសាទផ្សេងៗ។ នៅប្រាង្គនេះមានសិលាចារឹកលេខ K.439 ដែលចារឹកនៅលើមេទ្វារខាងកើតទាំងសងខាង។ សិលាចារឹកនៅផ្នែកខាងត្បូងនិងជើងចារឹកជាភាសាសំស្ក្រឹតដូចគ្នា ហើយចាប់ផ្តើមសាច់រឿងពីមេទ្វារខាងត្បូង។ នៅទីនេះបានរកឃើញផ្តែរទ្វារនិងសសរពេជ្រដ៏ស្រស់ស្អាតមួយ សព្វថ្ងៃរក្សាទុកនៅសារមន្ទីរសំបូរព្រៃគុក។ ប្រាសាទក្បាលជ្រូក ចាប់ផ្តើមសាងសង់ឡើងនៅចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ពោល គឺនៅស.វ.ទី៧។

ទីតាំងនៅលើផែនទី