ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។ ទីអារាមនេះមានទំហំ៥៦ហិចតា មានរាង៤ជ្រុងទ្រវែង ទំហំ៨០០x៧០០ម៉ែត្រ ដែលមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះមានកំពែងបួនជាន់ មានគោបុរៈចូលប្រាសាទតាមទិសទាំងបួន ប្រកបដោយបង្កាន់ដៃអសុរនិងទេពតាទាញព្រ័ត្រតំណាងឱ្យការកូរសមុទ្រទឹកដោះ និងមានបង្គោលសីមាពីរជួរអមផ្លូវចូលផង។ គោបុរៈនៃកំពែងខាងក្រៅទាំងអស់សុទ្ធតែមានទ្វារបី ដែលទ្វារមួយៗមានកំពូលខ្ពស់រចនាក្បាច់ត្របកផ្កាឈូក។ នៅសងខាងគោបុរៈខាងក្រៅមានចម្លាក់គ្រុឌជាន់នាគ ឆ្លាក់ភ្ជាប់នៅជញ្ជាំងកំពែង។ ផ្អែកតាមសិលាចារឹកនៃប្រាសាទព្រះខ័នមានរូបសំណាកចំនួន៥១៥រូប មានមន្ទីរព្យាបាលរោគចំនួន១០២ក្នុងព្រះរាជាណាចក្រ នឹងបង្ហាញពីជីវភាពរុងរឿងនាសម័យនោះ។ ប្រាសាទព្រះខ័នក៏ដូចជាប្រាសាទដទៃទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរ ចម្លាក់ពុទ្ធរូបត្រូវទទួលរងនូវការដាប់បំផ្លាញចោលឬកែច្នៃទៅជារូបផ្សេងៗ ដូចជា ឥសី លិង្គ ឬផ្កាជាដើម នៅក្នុងរជ្ជកាលរបស់ក្សត្របន្តក្រោយមកទៀត (ជ័យវរ្ម័នទី៨ ឥន្ទ្រជ័យវរ្ម័ន និងជ័យវរ្ម័នបរមឥស្វរៈ) ដែលបានប្ដូរផ្លាស់ទៅកាន់ព្រហ្មញ្ញសាសនាវិញ និងបានបណ្ដាលឱ្យមានប្រតិកម្មប្រឆាំងនឹងពុទ្ធសាសនា។