អាងត្រពាំងថ្មមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ជាអាងមានផ្ទុកធារទឹកច្រើនជាងគេក្នុងប្រទេស បន្ទាប់ពីទន្លេសាបដែលជាអាងធម្មជាតិ។ ទីនេះមានទឹកថ្លានិងត្រជាក់ល្អ ដូចនេះទើបមានភ្ញៀវទេសចរជាច្រើនចាប់ចិត្តទៅកម្សាន្ត ហើយក៏ក្លាយទៅជារមណីយដ្ឋានកែឆ្នៃដ៏ធំមួយ។ ប្រជាពលរដ្ឋបានសង់តូបធ្វើអំពីឫស្សី ឈើប្រក់ស្បូវដូចៗគ្នា ស្អាតសមរម្យជាច្រើនសម្រាប់ឱ្យទេសចរចូលទៅសម្រាកនិងញ៉ាំអាហារបានស្រួល។ នៅក្នុងទឹកមានសេវាកម្សាន្តសប្បាយ ដូចជា ពោងកង់ឡាន កាណូត ទូក និងការត្រៀមការសង្គ្រោះបានគ្រប់គ្រាន់។ ចំណែកឯម្ហូបអាហារធម្មតាមានតម្លៃសមរម្យ មានអនាម័យ។ អាងត្រពាំងថ្មជាតំបន់អភិរក្សសត្វបក្សីកម្រជាច្រើនប្រភេទ ដូចជាសត្វក្រៀល ទុងប្រផេះ ទាកាប៉ាព្រៃ រនាលពណ៌ជាដើម។ គួររម្លឹកថា សត្វស្លាបក៏ដូចម្រឹគ , ល្មូន មច្ឆជាតិនៅតំបន់អភិរក្សអាងត្រពាំងថ្ម អាចមានឬគ្មានវត្តមានតាមប្រភេទនិងរដូវកាលរបស់វា។ សត្វខ្លះបន្លាស់ទីមករកតែចំណីតាមរដូវ សត្វប្រភេទខ្លះទៀតមករកចំណីនិងដេកស្នាក់នៅអចិន្ត្រៃយ៍តែម្ដង ជាពិសេសវត្តមាននៃក្រៀលក្បាលក្រហម។