បច្ចុប្បន្ននេះភ្នំកាច់ផ្កាបានរៀបចំដោយគណៈកម្មការវត្តនិងមានកាំជណ្ដើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ ឈ្មោះភ្នំកាច់ផ្កានេះមានរឿងនិទានថា កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសសៀម ហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្ដោះអាសន្ន គាត់ក៏បានជូបនិងស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូបដែលរស់នៅក្បែរជើងភ្នំនេះ ដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។ នៅលើខ្នងភ្នំមានអណ្ដូងស័ក្ដិសិទ្ធមួយដែលហ៊ុំព័ទ្ធទៅដោយផ្កាចំរុះពណ៌ ដែលជារៀងរាល់ថ្ងៃនាងតែងតែទៅកាច់ផ្កា ទៅថ្វាយព្រះនៅជិតអណ្ដូងស័ក្ដិសិទ្ធនោះ។ មេទ័ពដែលបានលួចស្រឡាញ់នារីនោះ បានដាក់ឈ្មោះភ្នំនេះថា ភ្នំកាច់ផ្ការហូតមក។ ទីនេះមានសម្រស់ធម្មជាតិដ៏សែនមនោរម្យ ហើយនៅលើខ្នងភ្នំក៏នៅមានអណ្ដូងទឹកស័ក្ដិសិទ្ធមួយកន្លែង ដែលប្រជាជនតែងតែទៅបន់ស្រន់និងសុំទឹកមកទទួលទានឬមុជដើម្បីព្យាបាលរោគ។ រមណីយដ្ឋានភ្នំនេះមានផ្ទាំងថ្មធំៗបន្តុបលើគ្នា ជាទស្សនីយភាពដ៏កម្រ ហើយយើងក៏អាចមើលពីលើខ្នងភ្នំឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ ក្នុងភ្នំនេះមានល្អាងមួយដែលត្រូវចុះចូលតាមកំពូលភ្នំទៅវិញ។ វត្តនៅទីនេះជាទីសក្ការបូជាដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។