ទឹកធ្លាក់អន្លង់រ័ត្ន

អ្នកទេសចរទាំងឡាយប្រាកដជានឹងបានសប្បាយរសាយអស់នូវទុក្ខកង្វល់ទាំងពួង ដោយការស្រូប យកខ្យល់អាកាសដ៏បរិសុទ្ធ ស្តាប់សូរទឹកហូរធ្លាក់ទ្រគោះបោះបោកជាមួយនឹងផ្ទាំងថ្មដា កំដរដោយ សូរសៀងសំនៀងនៃសត្វបក្សាបក្សីយំចេចចាច ។ ទិដ្ឋភាពធម្មជាតិនៅជុំវិញតំបន់ទឹកធ្លាក់ធម្មជាតិនេះ មានភាពស្រស់ត្រកាល ជាមួយនឹងទេសភាពពណ៌បៃតងខ្ចីគ្រប់រដូវកាល។ ទឹកជ្រោះអន្លង់រ័ត្ននេះ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៨ ក្រោមការជួយជ្រោមជ្រែងពីអង្គការម្លប់បៃតង និងឧបត្ថម្ភថវិកា ពីអង្គការវីស៊ីអិនរបស់ប្រទេសហូឡង់និងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។ ទឹកជ្រោះអន្លង់រ័ត្ននេះមាន អំណោយផលណាស់ដល់ផ្នែកអេកូទេសចរណ៍ ព្រោះទីនេះមានព្រៃឈើវាលស្មៅពណ៌បៃតង គ្របដណ្តប់ព័ទ្ធជុំវិញតាមដងអូរនិងជួរភ្នំដែលជាជម្រកដ៏សុខសាន្តនៃពួកម្រឹគីម្រឹគា បក្សាបក្សី។ មិនតែប៉ុណ្ណោះនៅក្នុងតំបន់នេះមានទឹក ធ្លាក់ជាច្រើនកន្លែងទៀតនៅតាមដងអូរនៃជ្រលងភ្នំ ប៉ុន្តែមានតែទឹកធ្លាក់២កន្លែងទេ ដែលជាចំណុចទាក់ទាញដល់ភ្ញៀវទេសចរទាំងឡាយ ដោយក្នុងនោះមានទឹកធ្លាក់ចំបក់ និងទឹកជ្រោះអន្លង់រ័ត្ន។ ទឹកជ្រោះនេះមានទឹកហូរធ្លាក់ជាល្បាក់ ជម្រាលហូរចាក់ ទៅផ្នែកខាងក្រោមអាងស្តុកទឹកយ៉ាងធំ ដែលយើងអាចហែលលេងកម្សាន្ត យ៉ាងសប្បាយ ព្រមទាំងផ្ទាំងថ្មដាតូចធំគររដិបរដុបលើគ្នាបង្កើតបានជាផ្ទាំងទស្សនីយភាព មួយដ៏អស្ចារ្យសម្រាប់ក្រសែភ្នែកអ្នកទេសចរថែមទៀតផង។

ទីតាំងនៅលើផែនទី