អតីតព្រះរាជវាំងសង់នៅជុំវិញបរិវេណប្រាសាទភិមានអាកាស។ ព្រះរាជវាំងនេះ សង់អំពីឈើលើខឿនថ្មបាយក្រៀមជាច្រើន ដែលមាននៅសល់ក្នុងបរិវេណនោះ។ សំណង់ខឿនមួយរាងខ្ពស់ជាងគេបន្តិច ស្ថិតនៅនិរតីនៃប្រាសាទភិមានអាកាស គេសម្គាល់ថាមានសំណង់ឈើខាងលើ ជាកន្លែងប្រឹក្សាកិច្ចការនគរ។ នៅខាងជើងនៃប្រាសាទភិមានអាកាស មានស្រះទឹកពីរដែលស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំង។ ស្រះទឹកតូចតែជ្រៅ គឺស្រះស្រី រីឯស្រះទឹកដែលធំហើយរាក់ គឺស្រះប្រុស។ នៅតាមមាត់ស្រះនោះក៏មានចម្លាក់ស្ត្រីទេពនិងរូបសត្វផ្សេងៗជាច្រើន។ ការសិក្សាពីទីតាំងនៃព្រះរាជវាំងបង្ហាញថា ដំបូងកាលមិនទាន់មានបន្ទាយអង្គរធំ ស្នូលនៃរាជធានីនៅចំភ្នំបាខែង។ បន្ទាប់មកមានការយកប្រាសាទអង្គរវត្តជាស្នូល ហើយពេលមានបន្ទាយអង្គរធំទើបយកប្រាសាទបាយ័នជាស្នូល។