ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់លម្អយ៉ាងរស់រវើក ដូចជា ផ្តែរទ្វារ សសរពេជ្រ សសរផ្តោប ក្បាច់លម្អខាងលើ។ នៅតាមជញ្ជាំងផ្នែកខាងលើ គេបានឆ្លាក់ក្បាច់ស្រដៀងកូនប្រាសាទអណ្ដែតច្រើនជាន់លើគ្នា ដែលលក្ខណៈបែបនេះពីមុនមកមិនសូវឃើញមាននោះទេ។ នៅទីនេះ គេបានរកឃើញព្រះបដិមាហរិហរមួយអង្គតម្កល់នៅខាងក្នុងប្រាសាទ ដែលសព្វថ្ងៃ គេបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ នៅប្រាសាទភូមិប្រាសាទ មានសិលាចារឹកខ្លីមួយដែលចារនៅលើមេទ្វារខាងកើតផ្នែកខាងជើង តែជារឿងចម្លែកមួយ ដែលសិលាចារឹកនេះគេចារនៅខាងក្រោមទៅវិញ។ សិលាចារឹកលេខ K.145 មានចំនួន ៥បន្ទាត់ ដែលពីទិន្នន័យនេះដែរ យើងដឹងអំពីកាលបរិច្ឆេទនៃប្រាសាទក្នុង គ.ស.៧០៦ ដែលឆ្នាំនេះយើងមិនដឹងច្បាស់ថាក្នុងរាជ្យស្ដេចអង្គណានោះទេ។ ប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលមានតម្កល់បដិមាព្រះឥសូរមួយចំហៀង ព្រះវិស្ណុមួយចំហៀង ហៅថា “ស្រីសង្ករនារាយ”។