ភ្នំតារាជ

ភ្នំតារាជឬភ្នំតូច ជាទីដែលនាំឲ្យយើងឃើញនូវស្ថាបត្យកម្មក្នុងរបបខ្មែរក្រហម និងការរងទុក្ខវេទនាខ្លោចផ្សារបស់អ្នកទោសសម័យនោះ។ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ ជាកន្លែងដែលពួកខ្មែរក្រហមបានកេណ្ឌកម្លាំងអ្នកដែលបានទទួលខ្លួនថាជាបញ្ញាវ័ន្ត ដែលកំណត់ជាអ្នកទោសក្នុងសម័យប៉ុលពត ឲ្យមកដាប់ថ្មភ្នំ យកទៅក្រាលជាវាលយន្តហោះដោយប្រើដៃ។ រូងដែលមានរាងក្រចកសេះ ទទឹង២.៨ ម៉ែត្រ និង កំពស់ ៦ម៉ែត្រ ប្រវែងរាប់រយម៉ែត្រ ហើយកែងគ្នានៅចំកណ្ដាល។ អ្នកជីករូងភ្នំតារាជនេះជាអ្នកទោសអស់ជីវិតដែលពួកខ្មែរក្រហមយកមកពីតំបន់ផ្សេងៗក្នុងខេត្ត និងក្រៅខេត្តមានប្រមាណ២៧០នាក់ដោយមានតែសម្លៀកបំពាក់តែខោខ្លី និងក្រមាមួយប៉ុណ្ណោះ។ សម្ភារៈសម្រាប់ជីករូងនេះ គឺញញួរនិងដែកដាប់មួយ ដែលត្រួតត្រាដោយយោធាខ្មែរក្រហម។ អ្នកទោសមិនអាចដឹងថាខ្លួនរស់នៅកន្លែងណាទេ ព្រោះរាល់ព្រឹកត្រូវភ្ញាក់ពីម៉ោង៤ទៀបភ្លឺតាមស្នូរកញ្ចែ ដោយមិនអាចយឺតយ៉ាវបាន ហើយត្រូវតម្រង់ជួរវេចសម្ភារៈនិងក្រមាយកដៃទាំងពីរដាក់លើក្បាលទើបចេញដំណើរទាំងងងឹតទៅកាន់ការដ្ឋាន (ភ្នំតារាជ) មិនអាចចំណាំផ្លូវបានទេ ព្រោះជាអាថ៌កំបាំងរបស់ពួកខ្មែរក្រហម។ កម្លាំងអ្នកទោសទាំងអស់ត្រូវចែកជាពីរក្រុម នៅមាត់រូងខាងកើត និងមាត់រូងខាងលិច ដែលមានវិស្វករជនជាតិចិនបញ្ជាលើពួកទាហានខ្មែរក្រហម។ មុនពេលចូលទៅក្នងរូង ពួកឆ្មាំរាប់កម្លាំងដោយវាយនឹងដំបងម្នាក់ម្តងៗយ៉ាងម៉ត់ចត់ ហើយអ្នកទោសត្រូវធ្វើការក្នុងមួយថ្ងៃបីពេល ពេលព្រឹកពីម៉ោង៦ ដល់ម៉ោង១១ ពេលថ្ងៃចាប់ពីម៉ោង ១៣ ដល់ម៉ោង១៧ និងពេលយប់ចាប់ពីម៉ោង ១៩ដល់ម៉ោង២២។ ការទទួលអាហារ មានតែពីរពេល ដោយឈរតម្រង់ជាជួរចូលទៅទទួលបាយមួយពំនូតម្នាក់និងអំបិលមួយចិបដាក់លើបាតដៃ គ្មានចានទេ។ ក្នុងរូងភ្នំគេធ្វើការបំភ្លឺដោយចង្កៀងថ្មស្អុយភ្លឺព្រោងព្រាត ដែលបញ្ចេញឧស្ម័នពុលពាសពេញផ្ទៃរូង ធ្វើឲ្យពលករបាក់កម្លាំង ធ្លាក់ពីលើរន្ទាបាក់ដៃជើងឬរងរបួស ដែលមិនត្រូវបានព្យាបាលឡើយ ផ្ទុយទៅវិញមានតែវាយបន្ថែមឬយកទៅសម្លាប់ចោលតែម្តង។ ផែនការជីករូងភ្នំនេះកំណត់ឱ្យហើយក្នុងរយៈ ពេល៦ខែ ប៉ុន្តែមិនបានសម្រេចទេ។ រូងមានទំហំអាចបើករថយន្តធុនតូចចូលបាន មានអាងទឹក២ មានពីរជាន់។ ឆ្នាំ១៩៧៩ ច្រកចូលទំាងពីរនៃរូងភ្នំអាចចេញចូលបាន តែងងឹតខ្លាំង ហើយមាននៅសល់ម៉ាស៊ីនភ្លើងទៀតផង។ នៅចំកែងបត់នៃរូងមានបន្ទប់តូចៗ ប្រមាណ ៤០ និងមានជណ្តើរដែកសម្រាប់ឡើងទៅជាន់លើ។ សព្វថ្ងៃនេះថ្មភ្នំបានធ្លាក់សន្ធប់មាត់រូងខាងកើត នៅសល់មាត់រូងខាងលិចដែលមានទួលគំនរថ្មបង្កឱ្យមានទឹកដក់ក្នុងរូងនោះ។

ទីតាំងនៅលើផែនទី