ស្ពាននេះសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ មានរចនាបថបាយ័ន។ ស្ពានតាអុងមានអាយុកាលប្រហែលជាង៩០០ឆ្នាំហើយ ដែលជាស្ពានដ៏ធំហើយវែងជាងគេក្នុងចំណោមស្ពានទាំង២៣ ដែលស្ថិតតាមបណ្ដោយផ្លូវអង្គរធំទៅព្រះខ័នកំពង់ស្វាយ។ ស្ពានឆ្លងស្ទឹងជីក្រែងនេះមានបណ្ដោយ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធតាដេវ(ចន្លោះផ្លូវទឹក) ចំនួន១៥ កម្ពស់៦ម៉ែត្រ ទទឹង ២ម៉ែត្រ ស្ថាបនាអំពីថ្មបាយក្រៀម។ នៅសងខាងស្ពានមានបង្កាន់ដៃនាគរាជ ដែលមានក្បាល៩ និងមានរូបសំណាកព្រះពុទ្ធគង់តាំងសមាធិចំកណ្ដាលនៃក្បាលនាគ។