ប្រាសាទភិមានអាកាសឬវិមានអាកាស កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា នៅចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ យោងតាមសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមថា ហិមាសង្កាគិរី ដែលមានន័យថា ភ្នំមាស។ លោកជីវតាក្វាន់សរសេរថា ប្រាសាទនេះ ជា ប្រាសាទមាស ដែលមានស្រោបដោយមាសនៅកំពូលប្រាសាទ។ ប្រាសាទនេះ មានទំហំតូច បើប្រៀបធៀបជាមួយនឹងប្រាសាទដទៃទៀត ប៉ុន្តែវាមានលក្ខណៈពិសេសប្លែក។ ប្រាសាទនេះមានប្រាង្គតែមួយ មានបីជាន់ និង មានជណ្ដើរបួនទិស។ នៅតាមជណ្ដើរមានតោអមសងខាង និង នៅជ្រុងនៃប្រាសាទមានរូបដំរី។