ប្រាសាទបន្ទាយស្រី

ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បាច់រឿងលើនោះ។ ប្រាសាទនេះ មានរាងចតុកោណ ដែលមានកំពែងបីជាន់ និង មានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទនៅផ្នែកកណ្ដាលមានសម្រស់ស្រស់ស្អាតណាស់ ហុំព័ទ្ធដោយកំពែងថ្មបាយក្រៀម។ មានហោត្រៃពីរនៅសងខាងផ្លូវចូលបែរមុខទៅទិសខាងលិច។ ប្រាង្គទាំងបីនៅផ្នែកកណ្ដាល ស្ថិតនៅជាជួរ ពីខាងជើងទៅត្បូង បែរមុខទៅទិសខាងកើត។ ប្រាង្គកណ្ដាល មានតម្កល់លិង្គព្រះឥសូរ ឯប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និង ប្រាង្គខាងជើង ឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាង្គទាំងនេះ មានរូបមនុស្សក្បាលសត្វយាមនៅផ្លូវចូល។ ប្រាសាទនេះមានសិលាចារឹកជាច្រើន។

ទីតាំងនៅលើផែនទី