សារមន្ទីរទួលស្លែង

មុនឆ្នាំ១៩៧៥ ទួលស្លែងគឺជាវិទ្យាល័យមួយ។ នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច វិទ្យាល័យនេះត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំងស-២១ និងជាកន្លែងសួរចម្លើយអ្នកទោស ក្រោយមកក្លាយជាសារមន្ទីរអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំ ឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ នៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គេបានរៀបចំប្រមូលផ្ដុំវត្ថុតាង ដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះ សម្ភារៈធ្វើ ទារុណកម្ម ខ្នោះជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់ (ស្រ្ដីចំនួន១នាក់) ដែលសាកសពមានសភាពហើមរលួយ មិនអាចមើលស្គាល់ឡើយ ដែលត្រូវបញ្ចុះនៅខាងមុខ អគារ «ក»។ បង្គោលឈើសម្រាប់ធ្វើលំហាត់កីឡា ត្រូវបានប្រើធ្វើជាកន្លែង សម្រាប់ធ្វើទារុណកម្ម សួរចម្លើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយ ហើយទាញឡើងខ្ពស់ទៅលើ រួចទំលាក់ចុះមកក្រោមជាច្រើនលើកច្រើនសារហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះ ជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយ ដើម្បីឲ្យមានស្មារតី ឡើងវិញរួចសួរចម្លើយបន្ដទៀត។ ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារនៃមន្ទីរស២១ និងសាខានានា ពួកខ្មែរក្រហមបានប្រើប្រាស់កម្លាំងចំនួន១៦៨៤នាក់ ក្នុងឆ្នាំ១៩៧៦ ដែលចែកចេញជា៣អង្គភាព គឺៈ មន្ទីរស២១ (ទួលស្លែង) មន្ទីរស២១ ក នៅតាខ្មៅ និង មន្ទីរស២១ ខ នៅព្រៃស ជាកន្លែងផលិតកសិកម្មផ្ដល់ឲ្យមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឱវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្សផ្ទាល់ ដែលមានអ្នកទទួលខុសត្រូវឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ ជាអតីតប្រធានមន្ទីរស២១។

ទីតាំងនៅលើផែនទី