ផ្ទាំងថ្មមូលធំៗប្រកបដោយពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់រយដុំ។ នៅលើភ្នំនោះ មានទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់ អមជាមួយទេសភាពវាលចម្ការនៅតាមជើងភ្នំ ដែលពីទីនោះអាចមើលឃើញទិដ្ឋភាពស្ទើរតែ ១៨០ដឺក្រេ។ រមណីយដ្ឋានធម្មជាតិ «ភ្នំពើងតានាន់» បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយនេះ ដែលថ្មដុះទាំងនោះប្រហែលជាកើតចេញបណ្ដុំដីខ្សាច់ស និងពពុះទឹកសមុទ្រអស់រយៈយូរឆ្នាំ អាចដេញពន្លឺនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ ជាពិសេសថ្មទាំងនេះមិនធ្វើឱ្យរអិលនោះទេ ទោះជាគេជាន់វានៅពេលដែលមានភ្លៀងធ្លាក់ក៏ដោយ។ ប្រវត្តិនៃទីនេះតាមជំនឿអ្នកស្រុកយល់ថា ទីនេះគឺជាច្រាំងសមុទ្រកាលពីអតីតកាល។ ចំណែកឈ្មោះវិញ គឺផ្សារភ្ជាប់នឹងព្រះសង្ឃធុតង្គព្រះនាម នាន់ ដែលសំណាក់ធម៌នៅទីនេះ។ នៅខាងក្រោម ភ្នំពើងតានាន់ មានអាស្រមបុរាណមួយហើយក្រោយមកបានក្លាយជាវត្ត។