ប្រាសាទភ្នំកងវ៉ា

ភ្នំកងវ៉ាមានប្រាសាទបុរាណបែកបាក់ក្នុងទីអារាម ដែលជាតំបន់ទេសចរណ៍កម្សាន្តរបស់អ្នកស្រុកផងដែរ។ ទីនេះមានឈ្មោះដើមថា រាជគុហារ ជាប្រាសាទដែលមានល្អាងភ្នំជាទីសក្ការៈ ប្រកបដោយប្រហោងខ្យល់មួយនៅពីលើ។ ប្រាសាទព្រហ្មញ្ញសាសនាមួយនេះ សង់ឡើងក្នុងកំឡុងចុងស.វ.ទី១០ និងសវ.ទី១១ ដោយមានរៀបឥដ្ឋនិងថ្មបាយក្រៀមអមសងខាងជាផ្លូវចូល។ ចំណុចសំខាន់របស់ទេវស្ថាននេះគឺរូងភ្នំ ដែលត្រូវបានប្រើប្រាស់ជាទីសក្ការមួយ ពោលគឺសម្រាប់តម្កល់ទេវរូប នៅមាត់ច្រករូងមានរៀបជាទ្វារ និងសងខាងច្រករៀបឥដ្ឋ និងមានអគារ១សង់ពីថ្មភក់ មុខប្រាសាទមានស្រះធំមួយ ។ កាលបុរាណទីប្រាសាទនេះមានសិលាចារឹកមួយផ្ទាំងចុះលេខK231 ដែលបានរំលឹកដល់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដោយទ្រង់បានផ្តល់ជាតង្វាយដល់រាជគុហានេះ។ ដោយភ្នំកងវ៉ាជាភ្នំថ្មកំបោរ ទីនេះក៏ជាស្ថានីយផូស៊ីលសត្វសមុទ្រមួយផងដែរធ្វើឱ្យតំបន់ភ្នំមួយនេះ មានសក្ដានុពលវិស័យទេសចរណ៍ ដ្បិតទីតាំងមានព្រះវិហារព្រះពុទ្ធសាសនា រូងភ្នំ ប្រាសាទបុរាណ និងជាកន្លែងដែលបានរកឃើញផូស៊ីលផងដែរ។ លទ្ធផលបឋមនៃរបកគំហើញផូស៊ីលនៅតំបន់នេះ បានរកឃើញពពួកផូស៊ីលជា ច្រើនប្រភេទដែលស្ថិតនៅលើកំពូលភ្នំ។ ពពួកផូស៊ីលសត្វសមុទ្រមានច្រើនក្រុមមានដូចជា ផូស៊ីលពពួក ខ្យងពពុះតាន់ជាច្រើនប្រភេទ ខ្លះមាននៅស័កទី១ និងខ្លះទៀតមាននៅស័កទី២ រួមនិងប្រភេទផ្កាថ្មមួយចំនួន។

ទីតាំងនៅលើផែនទី