បើសិនជាអ្នកទេសចរណ៍មានភាពតស៊ូ បន្តពីប្រាសាទតាញាញទៅ គេអាចសាកល្បងទៅកាន់ប្រាសាទមួយទៀត គឺប្រាសាទកំពូលតានន្ទ ដែលត្រូវដើរឡើងភ្នំ ប្រមាណ៨០០ម. ពីប្រាសាទតាញាណកើតទៅ។ ប្រាសាទនោះក៏មានសភាពបែកបាក់នៅសល់ជញ្ជាំងតែបីជ្រុងប៉ុននោះ។ ប្រាសាទស្ថិតលើភ្នំទីពីរដែលនៅជាប់នឹងភ្នំតាញាណ ដែលគេហៅថា ភ្នំតានន់ ហើយប្រាសាទនោះមានឈ្មោះដល់ទៅ ៣ គឺ ប្រាសាទកំពូលតានន់ ឬ ប្រាសាទកំពូលវិញ្ញាណ ឬ ប្រាសាទព្រះបាទដៃខ្លី ផ្សារភ្ជាប់ជាមួយរឿងនិទានពីប្រាសាទបាយ៉ង់។ រឿងនិទានបន្តថា ក្រោយពីស្ដេចសៀមចាប់នាងសក់ក្រអូប ទៅក៏ត្រូវកូនទៅជួយពង្រាត់មកវិញ តែដោយហេតុមិនស្គាល់គ្នា កូននោះជាមួយម្ដាយបង្កើតបានប្រតិព័ទ្ធស្នេហា រហូតដល់បានស្ម័គ្រស្មន់អន្ធករ។ ស្ដេចបាយ៉ង់ ជ្រាបហេតុសព្វគ្រប់ក៏បានវិនិច្ឆ័យសម្រេចថា ព្រះរាជបុត្រទទួលទណ្ឌកម្ម គឺត្រូវជីកស្រះអង្គចំនួន ១០០១ អង្គ ហេតុនេះហើយបានជានៅក្នុងខេត្តតាកែវ ទាំងមូល មានទីកន្លែង ដែលមានឈ្មោះថា «អង្គៗ» នេះច្រើនណាស់ ដូចជា អង្គរកា អង្គសឹង្ហ ជាដើម។ ព្រះបាទ ដៃខ្លីជាបុត្រព្រះនាងសក់ក្រអូប រួចអធិដ្ឋានថាពេលអង្គ ដែលជីកនេះរលុបទៅជាវាលស្រែវិញ ទើបបាបកម្ម ព្រះបាទដៃខ្លីនោះរួច។