វត្តម៉ែបាន, វត្តមហាវេស្ថារាម

វត្តនេះសង់ព្រះវិហារលើទីទួលប្រាសាទបុរាណចាស់ ដែលសម្ភារៈសំណង់ចាស់គេបានយកទៅធ្វើជាចេតិយ និងរូបព្រះពុទ្ធចូលនិព្វានមួយ។ ចេតិយបុរាណធ្វើពីថ្មស្ថិតនៅក្នុងវិហារ ហើយនៅជុំវិញទីវត្តគេអាចឃើញគំនរ ឥដ្ឋ និងខ្ទមអ្នកតាជាច្រើនជុំវិញនោះ។ អ្នកស្រុកនៅទីនោះច្រើនសំគាល់ថាជាទេវរូបស័ក្ដសិទ្ធិ តាមការពិតទាំងឈ្មោះរបស់វត្តនេះ ទាំងចេតិយនោះសោតទៀត គឺជានាមរបស់មាតាស្ដេចកន ដែលជាកូនរបស់ពិជ័យនាគនិងនាងបាន។ ពិជ័យនាគជាមន្ត្រីតូចតាចម្នាក់ ចំណែកនាង «បាន» ជាពលព្រះរតនត្រៃ (ពូជឈ្លើយសឹកដែលកំណត់ទុកឲ្យថែរក្សាទីអារាម)។ ដើម្បីរួចពីឋានៈនោះបានលុះត្រាតែ៥០០០ឆ្នាំក្រោយ រាប់កូនចៅតជំនាន់។ ស្ដេចកន ជាស្ដេចមួយអង្គបានឡើងសោយរាជ្យក្នុងចំណោមក្សត្របីអង្គ នាសម័យនោះ ដែលអ្នកខ្លះគេច្រើនប្រដូចទៅជា «សាមកុកខ្មែរ» ធ្វើឱ្យប្រទេសជួបសឹកសង្រ្គាមអស់កាលដ៏យូរ។ ចេតិយរបស់មាតាស្ដេចកននេះ សង់លើដីទួលមួយលយចូលទៅក្នុងបឹង ហើយបើតាមសម្ដីអ្នកស្រុកនៅទីនោះ បានឱ្យដឹងថា មានជនប្រដាប់អាវុធលោភលន់ជាច្រើននាក់ បានចូលមកគាស់កកាយរកកំណប់នៅទីនោះទៀតផង។

ទីតាំងនៅលើផែនទី