រាជធានីភ្នំពេញ

រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួនជាងពីរលាននាក់ ក្នុងចំណោមប្រជាជនសរុបទូទាំងប្រទេសជាង ១៦ លាននាក់។ រាជធានីភ្នំពេញ ក៍ជាច្រកចេញចូលមួយដ៍សំខាន់ ជាតំបន់បេតិកភណ្ឌ មានសាសនាចម្រុះ ដោយបង្ហាញនូវវប្បធម៌ប្រវត្តិសាស្រ្តមួយចំនួនរួមមាន ព្រះបរមរាជវាំង វិហារព្រះកែវមរកត និងសារមន្ទីរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានអន្តរជាតិ អាហារដ្ឋានផ្សេងៗ និងកិ្លបកម្សាន្តជាច្រើន។ ភ្នំពេញមានប្រព័ន្ធផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសទៅកាន់ទីរួមខេត្តនានាជាកន្លែងមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនាជារៀងរាល់ថ្ងៃ។ ភ្នំពេញក៏ជាទីដែលប្រមូលផ្ដុំ នូវរោងចក្រ សហគ្រាសនិងហាងទំនិញនានា ព្រមទាំងផ្សារបែបប្រពៃណី និងផ្សារទំនើបផងដែរ។ រាជធានីភ្នំពេញរួមផ្សំដោយខណ្ឌចំនួន ១៤ គឺខណ្ឌ ៧មករា, កំបូល, ច្បារអំពៅ, ចំការមន, ជ្រោយចង្វារ, ដង្កោ, ដូនពេញ, ទួលគោក, បឹងកេងកង, ពោធិ៍សែនជ័យ, ព្រែកព្នៅ, មានជ័យ, ឫស្សីកែវ និងសែនសុខ។ ដង់ស៊ីតេប្រជាជនខ្ពស់រហូតដល់ ៣១៣៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ រាជធានីមាន និមិត្តសញ្ញាដែលមានចំណាស់ហើយមិនផ្លាស់ប្ដូរ គឹរូបវត្តភ្នំ។

ទីតាំងនៅលើផែនទី