អន្លង់ផ្សោតកាំពី

កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនិងក្នុងស្រុក និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ ផ្សោតទឹកសាប ជាថនិកសត្វកម្របំផុតនៅក្នុងពិភពលោក ដែលនៅអន្លង់ផ្សោតនេះមានសេវាកម្មទូកម៉ាស៊ីនសម្រាប់ដឹកភ្ញៀវទេសចរទៅទស្សនាផ្សោតបានជិតបំផុត។ ពេលវេលាល្អបំផុតដើម្បីទស្សនាផ្សោតគឺក្នុងរដូវប្រាំងនាពេលព្រឹកព្រលឹមនិងពេលល្ងាច។ ទោះបីជាផ្សោតផ្លាស់ប្ដូរជម្រកពីកន្លែងមួយទៅកន្លែងមួយទៀតតាមរដូវក៏ដោយ ប៉ុន្តែអ្នកបើកទូកម៉ាស៊ីនដឹងយ៉ាងច្បាស់ថាពួកវាប្ដូរទៅរស់នៅទីណា។ នៅតំបន់ផ្សោតកាំពីក៏មានលក់ចំណីអាហារ ភេសជ្ជៈ អាហារពិសាកម្សាន្ត វត្ថុអនុស្សាវរីយ៍ដូចជារូបភាព និងចម្លាក់ផ្សោតឈើដែលជាស្នាដៃសមាជិកសហគមន៍ក្នុងតំបន់។

ទីតាំងនៅលើផែនទី