សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា និងបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។ លោក ហ្សក ហ្គ្រោសលីយេ (George Groslier) ជាស្ថាបនិកបង្កើតសារមន្ទីរជាតិ នាសម័យអាណានិគមបារាំងបានសង់ជាសាល ដែលមានទទឹង៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ កាលពីដំបូងសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី បន្ទាប់មកប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា "សារមនី្ទរជាតិនៃកម្ពុជា" ។ សមូហកម្មនៃក្បាច់ចម្លាក់របស់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរតាមរឿងនាងកាកី ឬ រាមកេរ្ដិ៍ជាដើម។ កាលពីសម័យនោះអាគារនេះជាសារមនី្ទរផងនិង ជាសាលាបណ្តុះបណ្តាលផង។ គេបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗ ទើបប្រជាជនខែ្មរមានទម្លាប់ ហៅមណ្ឌលនេះថា សាលារចនា។ វិបតិ្តនយោបាយនៅកម្ពុជាបានបង្ខំ ឱ្យមានការដឹកជញ្ជូន វត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប បាត់ដំបង និងសារមនី្ទរដទៃទៀត មកកាន់សារមនី្ទរជាតិ។ នៅថែវខាងកើតរបស់សារមនី្ទរមានការដាក់តាំង ពុទ្ធបដិមាសម័យក្រោយអង្គរ។ ទូកញ្ចក់តាំងជាពីរជួរ ពោរពេញទៅដោយវត្ថុដែលធ្វើអំពីសំរិទិ្ធ ដែលគេហៅថាស្តង់សំរិទិ្ធ។ បន្ទាប់មកមានស្តង់ផែ្នកបុរេប្រវតិ្តសាស្រ្ត និងរោងជួសជុលវត្ថុសិល្បៈ។ ថែវខាងត្បូងមាន វត្ថុសិល្បៈជាច្រើន ធ្វើអំពីថ្មភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី១១ ឯចំណែកថែវខាងលិច មានវត្ថុសិល្បៈពីររចនាបថ រចនាបថអង្គរវត្ត និងរចនាបថបាយ័ន។ នៅថែវខាងជើងជាថែវផែ្នកជាតិពន្ធុ ចុងខាងកើតនៃថែវនេះគឺ ជាស្តង់ផែ្នកកុលាលភាជន៍។ ភ្ញៀវដែលចាប់អារម្មណ៍អំពីគឿ្រងលម្អផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ ទៅសិក្សាវត្ថុដែលដាក់តាំងនៅតាមសំយាបថែវ ខាងត្បូង ខាងលិច និងខាងជើងថែមទៀត ដែលមានតាំងផែ្តរ បដិមា ផ្ទាំងសិលាចារិក និងផ្ទាំងក្បាច់លោតនៃប្រាសាទបន្ទាយឆ្មារពីរផ្ទាំងធំៗ។