ប្រាសាទភ្នំជើងព្រៃ

ភ្នំជើងព្រៃ ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឥឡួវនេះបានក្លាយទៅជារមណីយដ្ឋានមួយ ដែលមានភ្ញៀវចុះឡើងមិនដាច់។ លើភ្នំកម្ពស់៤០ម. នេះមានប្រាសាទមួយដែលសង់បែរទៅកើត ដែលជាប្រាសាទដើមសាងសង់នៅសតវត្សទី៧ ប៉ុន្តែមានការជួសជុលជាច្រើនលើក ពិសេសនៅសម័យអង្គរ។ ប្រាសាទមានកំពែងពីរជាន់ ដែលជាសំណង់បន្ថែម មានតួប្រាសាទធំរាង ការ៉េ ទំហំ ៩ X ៩ ម. មានហោត្រ័យមួយ នៅខាងត្បូងច្រកចូល ទំហំ ៤ x ៤ ម.។ យ៉វែងជាសំណង់ចាស់សង់ពីឥដ្ឋបណ្ដោយជិត ៩ ម. នាំផ្លូវចូលទៅប្រាង្គធំ សង់ពីថ្មបាយក្រៀម ដែលនៅសល់ក្បាច់ចម្លាក់ដ៏វិចិត្រ។ ប្រាសាទនៅរក្សាបានដំបូលគត់មត់ លើកលែងតែកំពូលផ្កាឈូកដែលទើបសង់ថ្មី។ នៅខាងលិចប្រាសាទមានគំនរវត្ថុបុរាណជាច្រើន ដូចជាផ្ដែរ មេទ្វារ ធ្នឹម សសរពេជ្រ ។ល។ ដែលបង្ហាញពីវត្តមាននៃប្រាសាទជាច្រើនទៀតលើកំពូលភ្នំនេះកាលពីអតីត។ ចំណែករឿងនិទាន ដែលទាក់ទងនឹងទីនេះ ដំណាលអំពីការប្រកួតគ្នាលើកភ្នំរវាងបុរសនិងស្ត្រី ដូចរឿងភ្នំប្រុសភ្នំស្រីដែរ ដោយភ្នំមានប្រាសាទហៅថាភ្នំធំ ឬភ្នំស្រី ឯភ្នំមួយទៀតនៅខាងលិច ហៅថាភ្នំព្រះបាទឬភ្នំប្រុស។ នៅលើភ្នំផ្នែកខាងកើត មានផែនថ្មស្នាមជើងមនុស្ស ដែល អ្នកស្រុកហៅថា "ដានជើងតាព្រេង"។ ទីនេះជាប្រភពសិលាចារឹក K917។

ទីតាំងនៅលើផែនទី