ភ្នំជីតាពេជ្រ

ភ្នំឬវត្តជីតាពេជ្រជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិដែលមានភ្នំមួយដែលសំបូរទៅដោយម្លប់ ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ កម្ពស់១៣.៥០ម៉ែត្រ ធ្វើអំពីថ្មភក់មួយឈរ បែរមុខទៅទិសខាងកើត។ ដើម្បីឡើងទៅកាន់ទីនោះ ភ្ញៀវត្រូវឆ្លងកាត់កាំ ជណ្ដើរប្រមាណជាង ២០០ កាំ ដើម្បីទៅទស្សនាសោភ័ណភាពស្រស់បំព្រង លើកំពូលភ្នំ ដែលនៅតាមជណ្ដើរនេះ មាន សាលាដំណាក់ ចំនួន៤ បន្ទប់អនាម័យ ព្រះពុទ្ធរូបអង្គតូច១ធ្វើអំពីថ្មភក់ រូបសំណាកតាបស១អង្គធ្វើពីថ្មភក់។ ភ្នំជីតាពេជ្រជាឈ្មោះ និងជាទីកន្លែងមួយ ដែលបច្ចុប្បន្នត្រូវ បានគេស្គាល់ច្រើនក្នុងមជ្ឈដ្ឋានអ្នកទេសចរជាតិនិងអន្តរជាតិ។ ប្រវត្តិភ្នំនេះ កាលពីដើមមានព្រៃក្រាស់ និងដើមឈើធំៗដែលផ្តល់ជាជម្រកយ៉ាងកក់ក្ទៅដល់ពពួកម្រឹគីម្រឹគា បក្សាបក្សីផងទាំងឡាយរស់នៅ តកូនតចៅរៀងរហូតមកដោយពុំសូវមានមនុស្សចូលទៅដល់ទីនោះឡើយ លុះចំណេរក្រោយមក មានបុរសម្នាក់ឈ្មោះពេជ្រដែលទើបនឹងលាចាកសិក្ខាបទថ្មីៗតាម គន្លងព្រះពុទ្ធសាសនា (ហៅជី) បានមករស់នៅជើងភ្នំនេះតែម្នាក់ឯងដើម្បីកាប់ឆ្ការព្រៃធ្វើចម្ការហើយក៏ប៉ិនប្រសប់ខាងព្យាបាលជំងឺ គ្រប់ប្រភេទដោយផ្សំរុក្ខជាតិផ្សេងៗ នៅទីនោះសម្រាប់ធ្វើជាឱសថយ៉ាងស័ក្តិសិទ្ធិ ក្នុងការជួយ ព្យាបាលអ្នកជំងឺ។ ក្នុងសម័យនោះតាពេជ្រមានដំណាក់តូចមួយនៅលើកំពូលភ្នំ ដែលជាទិពឹងពាក់ នៅពេលមានគ្រោះអាសន្នរបស់អ្នកស្រុកនៅទីនោះ ដើម្បីពឹងឲ្យតាពេជ្រជួយព្យាបាល និងបញ្ចៀស នូវគ្រោះចង្រៃទាំងពួងឲ្យវិនាសបាត់ទៅ។ ក្រោយមរណភាពរបស់តាពេជ្រ អ្នកស្រុកតែងតែប្រារព្ធ ធ្វើបុណ្យជាប្រចាំនៅលើកំពូលភ្នំ ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណក្ខន្ធរបស់តាពេជ្រ ហើយ ហៅភ្នំនោះថា «ភ្នំជីតាពេជ្រ» រហូតមកដល់សព្វថ្ងៃនេះ។ លើសពីនេះទៀត ទីនេះក៏ជាទីសក្ការៈបូជា បែបជំនឿដ៏ស័ក្តិសិទ្ធិផងដែរ។

ទីតាំងនៅលើផែនទី