វត្តនេះជាទីតាំងប្រាសាទចាស់សម័យមុនអង្គរដែលត្រូវបានសង់សំណង់ថ្មីពីខាងលើ។ យោងតាមរបាយការណ៍ចាស់ថា ប្រាសាទនេះសាងអំពីឥដ្ឋមានប្រាង្គ២បែរមុខទៅខាងកើត សាងនៅលើខឿនតែមួយ ប៉ុន្តែសព្វថ្ងៃគ្មាននៅសេសសល់ជារូបរាងនោះទេ ប៉ុន្តែមានបន្សល់នូវភស្តុតាង ដូចជាគ្រឿងបង្គំសំណង់មួយចំនួនដូចជាផ្តែររចនាបទព្រៃក្មេងនិងមេទ្វារ ដែលសព្វថ្ងៃនេះត្រូវបានគេយកមកធ្វើជាជើងម៉ាថ្ម។ ព្រះវិហារដ៏ចំណាស់និងល្អប្រណិតរបស់វត្តនេះទៀតសោតមានអាយុកាលដល់ទៅ១០៣ឆ្នាំ។ ព្រះវិហារអាចនិយាយបានថាជាសំណង់ល្អវិចិត្រជាងគេប្រចាំស្រុកចម្ការលើ។ ក្នុងវត្តក្រៅតែពីព្រះវិហារនៅមានចេតិយបុរាណ និងអណ្តូងទឹកបុរាណមួយមានអាយុកាល៩៦ឆ្នាំកន្លងមកហើយ និងកុដិបុរាណជាច្រើន។