វិមានរំឭកវិញ្ញាណក្ខន្ធថ្មីមួយ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តមុនីសាលវ័ន អូរត្រកួនកាលពីខែឧសភា ឆ្នាំ១៩៩២ ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលគាស់ចេញពីរណ្ដៅមួយចំនួនក្នុងចំណោមរណ្ដៅទាំង៤៦៧។ យោងតាមឯកសារដែលទទួលបានពីសាលាស្រុកកងមាសបានឱ្យដឹងថា ចំនួនសាកសពដែលត្រូវខ្មែរក្រហមសម្លាប់គឺមានរហូតដល់ទៅ៣២,៦៩០នាក់ឯណោះ។ ក្នុងចំនួនសាកសពទាំងនេះ ភាគច្រើនជាប្រជាជនជម្លៀសពីទីក្រុងភ្នំពេញ។ សព្វថ្ងៃមានអដ្ឋិធាតុតិចតួចណាស់ដែលមាននៅក្នុងវិមានតម្កល់អដ្ឋិធាតុថ្មីនេះនាពេលបច្ចុប្បន្ន។