ភ្នំប្រសិទ្ធ មានពីរនៅទន្ទឹមគ្នាខ័ណ្ឌដោយជ្រលង បែងចែករវាងស្រុកអង្គស្នួល និងស្រុកពញាឮ។ ភ្នំខាងត្បូងពុំសូវមានសំណល់ប្រវត្តិសាស្ត្រទេ។ ចំណែកឯភ្នំខាងជើងវិញ មានប្រវត្តិសាស្ត្រ និងសំណល់បុរាណជាច្រើន ដូចជារូបសំណាកព្រះចូលនិពាន្តមួយយ៉ាងធំ ហើយក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរផងដែរ។ ប្រាសាទសង់ពីឥដ្ឋ បែកបាក់កំពូលអស់ មានសសរពេជ្រនិងផ្ដែរធ្វើពីថ្មភក់។ ប្រាសាទដែលមានវ័យចំណាស់ជាងគេក្នុងតំបន់នេះសង់នាសម័យចេនឡា មានឈ្មោះថា ប្រាសាទស្រីគ្រប់លក្ខណ៍។ ប្រាសាទមានក្បាច់រចនាល្អប្រណិត ថ្វីត្បិតតែត្រូវរបេះជ្រុះ ឬរលុបសឹងទាំងអស់ក៏ដោយ។ ប្រាសាទបែរមុខទៅទិសខាងកើត មានទ្វារបញ្ឆោត៣នៅទិសផ្សេងទៀត ចំណែកផ្ដែរទ្វារពិត មានក្បាច់ផ្កាជារាងដងធ្នូ។ នៅតាមស៊ុមទ្វារមានក្បាច់វិមាន អាកាសហៅថា វិមានអណ្ដែត។ អាយុកាលរបស់ប្រាសាទត្រូវបានកំណត់ ដោយសិលាចារឹកមួយផ្ទាំងដែលមានចុះកាលបរិច្ឆេទ ត្រូវនឹងឆ្នាំ ៦៦៧ នៃគ.ស ស្ថិតក្នុងអន្តរកាលរវាង រចនាបថព្រៃក្មេង និងកំពង់ព្រះ។ ការសិក្សាស្រាវជ្រាវបានរកឃើញនូវភស្តុតាងជាច្រើន ដែលបង្ហាញថា ទឹកដីជុំវិញទីក្រុងភ្នំពេញនេះ មានមនុស្ស រស់នៅតាំងពី ៣០០០ឆ្នាំមុនមកម៉្លេះ។ ដោយឡែក មន្ទីរបូជនីយដ្ឋានធ្វើអំពីស៊ីម៉ង់ប្រក់ក្បឿងមួយកន្លែង ត្រូវបានធ្វើឡើងនៅលើកំពូលភ្នំជិតប្រាសាទស្រីគ្រប់លក្ខណ៍។ មន្ទីរនេះមានទំហំប្រមាណ៣ម៉ែត្រក្រឡា និងមានធ្នើតម្កល់អដ្ឋិធាតុតូចល្មមនៅពីក្នុងមន្ទីរ។ ទីនេះ មាននៅសេសសល់ឆ្អឹងអវៈយវៈបន្ដិចបន្ដួចប៉ុណ្ណោះ ដែលខ្នោះឃ្នាងខ្លះ ក៏ត្រូវបានជញ្ជូនយកមកដាក់នៅលាយឡំជាមួយអដ្ឋិធាតុទាំងនេះដែរ។ សាក្សីបានឱ្យដឹងថា ពួកខ្មែរក្រហមបានសម្លាប់មនុស្សនៅតាមជើងភ្នំ និងលើភ្នំ ហើយនៅក្រោយឆ្នាំ១៩៧៩ រណ្ដៅទាំងនោះត្រូវបានគាស់ហើយជញ្ជូនអដ្ឋិធាតុមកតម្កល់នៅទីនេះ។