មន្ទីរបូជនីយដ្ឋានមួយនៅក្នុងវត្តនេះជាកន្លែង ដាក់តម្កល់អដ្ឋិធាតុដែលគាស់បានពីរណ្ដៅសាកសពរួមចំនួន៨៦រណ្ដៅជុំវិញនេះ។ កុដិត្រូវបានពួកខ្មែរក្រហមប្រើប្រាស់ធ្វើជាផ្ទះស្នាក់នៅរបស់កងឈ្លប ហើយជនរងគ្រោះទាំងអស់ត្រូវខ្មែរក្រហម បញ្ជូនមកកាន់ទីនេះតាមរទេះគោ និងថ្មើរជើង បន្ទាប់មកត្រូវបានសម្លាប់នៅនឹងទីតាំងនេះតែម្ដង។ តាមសង្ឃដីការរបស់អតីតព្រះចៅអធិការវត្តស្លាបានឱ្យដឹងពីចំនួនមនុស្សស្លាប់ក្នុងបរិវេណវត្តកាលពីរបបខ្មែរក្រហមថា មានចំនួនប្រមាណ៥,២៥០នាក់ ព្រោះព្រះអង្គបានឃើញចំនួននេះសរសេរទុកនៅជញ្ជាំងកុដិ។ សព្វថ្ងៃបូជនីយដ្ឋានជារោងមួយមានប្រក់ដំបូលគ្របលើជញ្ជាំងឥដ្ឋកម្ពស់ជាង១ម៉ែត្រ ដែលមានកណ្ដៀរពូនជិត។